
កម្លាំងការិយាល័យចរាចរណ៍ផ្លូវគោកខេត្តពោធិ៍សាត់ ចុះរៀបចំសណ្ដាប់ធ្នាប់ និងសម្រួលចរាចរណ៍ជូនប្រជាពលរដ្ឋត្រឡប់មកកាន់រាជធានីភ្នំពេញវិញ
ពោធិ៍សាត់៖ ក្រោមការដឹកនាំផ្ទាល់ពី លោកវរសេនីយ៍ទោ ទូច សេងងន នាយការិយាល័យចរាចរណ៍ផ្លូវគោកស្ដីទី នៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ កម្លាំងជំនាញចរាចរណ៍ផ្លូវគោកបានចុះប្រចាំការនៅតាមគោលដៅសំខាន់ៗ ដើម្បីរៀបចំសណ្ដាប់ធ្នាប់ និងសម្រួលចរាចរណ៍ជូនបងប្អូនប្រជាពលរដ្ឋ ដែលកំពុងធ្វើដំណើរបញ្ចប់ការឈប់សម្រាក និងត្រឡប់ទៅបំពេញការងារវិញនៅរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៦។ ការចុះអន្តរាគមន៍និងប្រចាំការនេះ ធ្វើឡើងក្នុងគោលបំណងធានាបាននូវសុវត្ថិភាព សណ្ដាប់ធ្នាប់ និងជួយកាត់បន្ថយការកកស្ទះចរាចរណ៍នៅលើដងផ្លូវជាតិលេខ៥ ក៏ដូចជាកំណាត់ផ្លូវសំខាន់ៗក្នុងភូមិសាស្ត្រខេត្តពោធិ៍សាត់ ព្រមទាំងផ្តល់ភាពងាយស្រួលជូនដល់អ្នកដំណើរក្នុងការធ្វើដំណើរទៅដល់គោលដៅដោយសុវត្ថិភាព។ ជាមួយគ្នានេះដែរ លោកនាយការិយាល័យ ក៏បានក្រើនរំលឹកដល់អ្នកបើកបរយានយន្តគ្រប់ប្រភេទឱ្យបង្កើនការប្រុងប្រយ័ត្នខ្ពស់ គោរពច្បាប់ចរាចរណ៍ មិនត្រូវបើកបរលើសល្បឿនកំណត់ មិនត្រូវស្រវឹងពេលបើកបរ និងត្រូវពាក់ខ្សែក្រវាត់សុវត្ថិភាព ឬមួកសុវត្ថិភាពជានិច្ច ដើម្បីការពារអាយុជីវិត និងទ្រព្យសម្បត្តិរបស់អ្នកដទៃ ក៏ដូចជាខ្លួនឯងផ្ទាល់៕ សាយយ័ន្ដ វុន្នីយ៉ា











