
រដ្ឋបាលស្រុកវាលវែង រៀបចំកិច្ចប្រជុំត្រៀមទទួលបដិសណ្ឋារកិច្ច សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងពិធីសម្ពោធផ្លូវជាតិលេខ១០
ពោធិ៍សាត់៖ លោក ធាង ឡេង អភិបាលស្រុកវាលវែង បានដឹកនាំកិច្ចប្រជុំប្រចាំខែកញ្ញា និងប្រជុំរៀបចំគណៈកម្មការ អនុគណៈកម្មការ ដើម្បីត្រួតពិនិត្យវឌ្ឍនភាពការងាររៀបចំ និងទទួលបដិសណ្ឋារកិច្ចជូន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវ «ផ្លូវជាតិលេខ១០» ដែលគ្រោងនឹងប្រារព្ធធ្វើឡើងក្នុងពេលឆាប់ៗខាងមុខ។ ផ្លូវជាតិលេខ១០ គឺជាសមិទ្ធផលប្រវត្តិសាស្ត្រថ្មីដែលសាងសង់ឡើងក្រោមក្របខ័ណ្ឌហិរញ្ញប្បទានសហប្រតិបត្តិការពីរដ្ឋាភិបាលចិន និងថវិកាជាតិ។ កិច្ចប្រជុំនេះធ្វើឡើងនារសៀលថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៦ នៅសាលប្រជុំសាលាស្រុកវាលវែង ដោយមានការចូលរួមពីអភិបាលរងស្រុក ថ្នាក់ដឹកនាំរដ្ឋបាលស្រុក ប្រធានការិយាល័យ មេបញ្ជាការកងកម្លាំងទាំងបី អាជ្ញាធរភូមិ-ឃុំ នាយប៉ុស្តិ៍រដ្ឋបាល តំណាងមណ្ឌលសុខភាពទាំង៥ និងអ្នកពាក់ព័ន្ធសរុបចំនួន ៩៥ នាក់ ដើម្បីពង្រឹងកិច្ចសហការលើការងារសន្តិសុខ សណ្តាប់ធ្នាប់ និងរៀបចំពិធីឱ្យប្រព្រឹត្តទៅដោយរលូន និងជោគជ័យ៕ សាយយ័ន្ដ វុន្នីយ៉ា











