
រដ្ឋបាលស្រុកក្រគរ ចុះកិច្ចសន្យាគម្រោងសាងសង់ផ្លូវបេតុងអាមេ និងលូកាត់ផ្លូវ ប្រើប្រាស់ថវិកាមូលនិធិឃុំអន្លង់ត្នោត
ពោធិ៍សាត់៖ លោក អ៊ន សុផល្លា អភិបាលស្រុកក្រគរ បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំចុះកិច្ចសន្យាគម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវបេតុង និងលូកាត់ផ្លូវ ដែលជាថវិកាមូលនិធិឃុំ ស្ថិតក្នុងឃុំអន្លង់ត្នោត ស្រុកក្រគរ ខេត្តពោធិ៍សាត់ នាព្រឹកថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៦។ គម្រោងអភិវឌ្ឍន៍មូលដ្ឋាននាពេលនេះ រួមមាន ការសាងសង់ផ្លូវបេតុងអាមេ ប្រវែង ០,៣២២ គីឡូម៉ែត្រ និងទទឹង ៤ ម៉ែត្រ, ការសាងសង់លូទោលកាត់ផ្លូវ អង្កត់ផ្ចិត ៦០០ មីលីម៉ែត្រ និងប្រវែង ៧ ម៉ែត្រ ផ្លូវ និងប្រព័ន្ធរំដោះទឹកដែលត្រូវសាងសង់នេះ ស្ថិតនៅក្នុង ភូមិទន្សាយគល់ និង ភូមិឃ្លាំងមឿង ឃុំអន្លង់ត្នោត ស្រុកក្រគរ ខេត្តពោធិ៍សាត់។ ការចុះកិច្ចសន្យាគម្រោងនេះ ធ្វើឡើងក្នុងគោលបំណងពន្លឿនការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្លូវលំក្នុងមូលដ្ឋាន សម្រួលដល់ការធ្វើដំណើរ ដឹកជញ្ជូនកសិផល និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋក្នុងឃុំអន្លង់ត្នោតឱ្យកាន់តែប្រសើរឡើង៕ សាយយ័ន្ដ វុន្នីយ៉ា











