
រដ្ឋបាលស្រុកវាលវែង រៀបចំកិច្ចប្រជុំផ្សព្វផ្សាយច្បាប់ភូមិបាល ច្បាប់សំណង់ និងលិខិតបទដ្ឋានគតិយុត្ត ដល់អាជ្ញាធរថ្នាក់មូលដ្ឋាន
ពោធិ៍សាត់៖ រដ្ឋបាលស្រុកវាលវែង បានរៀបចំកិច្ចប្រជុំការផ្សព្វផ្សាយស្តីពីច្បាប់ភូមិបាល ច្បាប់សំណង់ និងលិខិបទដ្ឋានគតិយុត្ត ដល់អាជ្ញាធរថ្នាក់មូលដ្ឋាន ដើម្បីពង្រឹងការយល់ដឹង និងប្រសិទ្ធភាពនៃការអនុវត្តការងារនៅមូលដ្ឋាន នាព្រឹកថ្ងៃពុធ ទី២៣ ខែកញ្ញា ឆ្នាំ២០២៦។ កិច្ចប្រជុំនេះ ត្រូវបានប្រារព្ធឡើងក្រោមអធិបតីភាពរបស់លោក ធាង ឡេង អភិបាលស្រុកវាលវែង និងមានការសម្របសម្រួលផ្ទាល់ពី លោក ឱន សុទ្ធា ប្រធានមន្ទីរៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តពោធិ៍សាត់។ ពិធីនេះក៏មានការអញ្ជើញចូលរួមផងដែរពីសំណាក់ លោកអនុប្រធានមន្ទីរ លោកនាយករងរដ្ឋបាលស្រុក កងកម្លាំងប្រដាប់អាវុធទាំង ៣ ប្រភេទ លោក លោកស្រី ប្រធានការិយាល័យជំនាញ អាជ្ញាធរមូលដ្ឋាន ព្រមទាំងអ្នកពាក់ព័ន្ធជាច្រើនរូបទៀតក្នុងមូលដ្ឋានស្រុកវាលវែង ខេត្តពោធិ៍សាត់។ ឆ្លងកាត់តាមរយៈកិច្ចប្រជុំនេះ ថ្នាក់ដឹកនាំ និងមន្ត្រីជំនាញបានធ្វើការផ្សព្វផ្សាយ និងពន្យល់យ៉ាងលម្អិតអំពីបទប្បញ្ញត្តិ និងគតិយុត្តនានា ដើម្បីធានាថាការគ្រប់គ្រងដីធ្លី ការសាងសង់ និងការផ្តល់សេវារដ្ឋបាលជូនប្រជាពលរដ្ឋក្នុងស្រុកវាលវែង ប្រព្រឹត្តទៅស្របតាមច្បាប់ និងមានប្រសិទ្ធភាពខ្ពស់៕ សាយយ័ន្ដ វុន្នីយ៉ា











