
អភិបាលស្រុកបាកាន នាំយកអំណោយឧបត្ថម្ភជូនប្រជាពលរដ្ឋខ្វះខាតចំនួន ៥គ្រួសារ នៅឃុំត្រពាំងជង
ពោធិ៍សាត់៖ លោក ឆាយ គឹមម៉ុង អភិបាលស្រុកបាកាន បានអញ្ជើញចុះសំណេះសំណាល និងនាំយកអំណោយជាគ្រឿងឧបភោគបរិភោគមួយចំនួន ទៅប្រគល់ជូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតចំនួន ៥គ្រួសារ ស្ថិតក្នុងឃុំត្រពាំងជង ស្រុកបាកាន ដើម្បីជួយសម្រាលការលំបាកក្នុងជីវភាពរស់នៅប្រចាំថ្ងៃ កាលពីថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៦ ។ ក្នុងឱកាសនោះ លោកអភិបាលស្រុក បានពាំនាំនូវការសួរសុខទុក្ខពីសំណាក់ថ្នាក់ដឹកនាំខេត្ត និងបានបញ្ជាក់ថា រាជរដ្ឋាភិបាល ក៏ដូចជាអាជ្ញាធរគ្រប់លំដាប់ថ្នាក់ តែងតែយកចិត្តទុកដាក់គិតគូរជានិច្ចចំពោះសុខទុក្ខ និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ដោយមិនទុកពលរដ្ឋណាម្នាក់ចោលឡើយ។ អំណោយដែលបានឧបត្ថម្ភដល់គ្រួសារនីមួយៗរួមមាន អង្ករ និងស្បៀងអាហារចាំបាច់មួយចំនួន ថវិកា ថែទាំជីវភាពបណ្ដោះអាសន្ន តំណាងប្រជាពលរដ្ឋទាំង ៥គ្រួសារ បានបង្ហាញក្តីរំភើបសប្បាយរីករាយ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ លោក ឆាយ គឹមម៉ុង និងក្រុមការងារ ដែលបានចុះមកជួយអន្តរាគមន៍ និងឧបត្ថម្ភទាន់ពេលវេលា ខណៈដែលពួកគាត់កំពុងជួបការលំបាកក្នុងជីវភាពរស់នៅ៕ សាយយ័ន្ដ វុន្នីយ៉ា











