
អាជ្ញាធរស្រុកកណ្តៀង ចុះដាំដើមផ្កាភួងម៉ាល័យ ដើម្បីលើកកម្ពស់សោភ័ណភាព និងបរិស្ថានក្នុងមូលដ្ឋាន
ពោធិ៍សាត់៖ លោក ថៃ ប៊ុនថេត អភិបាលរងស្រុកកណ្តៀង បានដឹកនាំក្រុមការងារ រួមមានមន្ត្រីការិយាល័យកសិកម្មស្រុក ព្រមទាំងអាជ្ញាធរឃុំ និងភូមិ ចុះអនុវត្តសកម្មភាពដាំដើមផ្កាភួងម៉ាល័យ នៅតាមដងផ្លូវសាធារណៈ និងជុំវិញបរិវេណហុងស្ទាក់ទឹកព្រែកបារមាស ដែលស្ថិតនៅក្នុងឃុំអន្លង់វិល ស្រុកកណ្តៀង ខេត្តពោធិ៍សាត់។ សកម្មភាពនេះ ធ្វើឡើងក្នុងគោលបំណងចូលរួមលើកកម្ពស់សោភ័ណភាពតាមដងផ្លូវ និងទីសាធារណៈ ឱ្យប្រែក្លាយជាលំហបៃតង ស្រស់ស្អាត និងមានបរិស្ថានល្អប្រសើរ។ បន្ថែមពីនេះ យុទ្ធនាការនេះក៏ជាការជំរុញ និងបំផុសស្មារតីដល់អាជ្ញាធរមូលដ្ឋាន ព្រមទាំងប្រជាពលរដ្ឋ ឱ្យចូលរួមយ៉ាងសកម្មក្នុងការថែរក្សា ការពារ និងអភិវឌ្ឍបរិស្ថាននៅក្នុងមូលដ្ឋានរបស់ខ្លួនឱ្យកាន់តែមានភាពទាក់ទាញ។ ការដាំដើមផ្កាភួងម៉ាល័យនាពេលនេះ មិនត្រឹមតែជួយបង្កើតទេសភាពស្រស់បំព្រង និងបរិយាកាសបៃតងប្រកបដោយភាពស្រស់ស្រាយប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាការរួមចំណែកបង្កើតនូវបរិយាកាសល្អប្រសើរ សម្រាប់ប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋាន និងអ្នកធ្វើដំណើរឆ្លងកាត់ទីនោះផងដែរ៕











