
អាជ្ញាធរក្រុងពោធិ៍សាត់ ចុះសម្រុះសម្រួលជាមួយពលរដ្ឋដំឡើងបង្គោលភ្លើងនៅសង្កាត់រលាប ដោយទទួលបានលទ្ធផលរលូន
ពោធិ៍សាត់៖ លោក កេង ចាន់ធឿន អភិបាលរងនៃគណៈអភិបាលក្រុងពោធិ៍សាត់ បានដឹកនាំក្រុមការងារជំនាញ សហការជាមួយតំណាងក្រុមហ៊ុនអគ្គិសនី ចុះពិនិត្យទីតាំងដីជាក់ស្តែង ដើម្បីរៀបចំដំឡើងបង្គោលភ្លើង និងពង្រីកបណ្តាញអគ្គិសនីជូនប្រជាពលរដ្ឋ កាលពីរសៀលថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៦។ បេសកកម្មនេះ បានធ្វើឡើងនៅភូមិទួលម្កាក់ សង្កាត់រលាប ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ ដោយក្រុមការងារបានចុះសម្រុះសម្រួល និងធ្វើការវាស់វែងលើទីតាំងដីស្រែរបស់ប្រជាពលរដ្ឋផ្ទាល់ ដែលត្រូវដំឡើងបង្គោល និងរៀបចំខ្សែបណ្តាញឆ្លងកាត់។ ជាលទ្ធផលនៃការចុះសម្រុះសម្រួលនេះ ម្ចាស់ដីស្រែបានសម្តែងនូវការយល់ស្រប និងឯកភាពទាំងស្រុងទៅតាមការវាស់វែងរបស់មន្ត្រីជំនាញភូមិបាល និងអាជ្ញាធរក្រុងពោធិ៍សាត់ ដែលធ្វើឲ្យដំណើរការរៀបចំដំឡើងបណ្តាញអគ្គិសនីនេះ អាចប្រព្រឹត្តទៅបានដោយរលូន ដើម្បីបម្រើផលប្រយោជន៍ជាសាធារណៈនៅក្នុងមូលដ្ឋាន៕











