
អភិបាលស្រុកក្រគរ ដឹកនាំកម្លាំងចម្រុះ ចុះអប់រំពលរដ្ឋភូមិទី៥ ឃុំកំពង់លួង អំពីអនាម័យបរិស្ថានលើផ្ទៃទឹក
ពោធិ៍សាត់៖ លោក អ៊ន សុផល្លា អភិបាលស្រុកក្រគរ ខេត្តពោធិ៍សាត់ បានដឹកនាំកម្លាំងមន្ត្រីរដ្ឋបាលស្រុក សហការជាមួយអាជ្ញាធរឃុំ មេភូមិ ប៉ុស្តិ៍នគរបាលរដ្ឋបាល កម្លាំងជំនាញជលផល និងបរិស្ថាន ចុះធ្វើការអប់រំណែនាំដោយផ្ទាល់ដល់បងប្អូនប្រជាពលរដ្ឋរស់នៅក្នុងភូមិទី៥ ឃុំកំពង់លួង អំពីការងារថែរក្សាអនាម័យបរិស្ថានលើផ្ទៃទឹក កាលពីរសៀលថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៦។ ក្នុងឱកាសចុះជួបប្រជាពលរដ្ឋនោះ លោកអភិបាលស្រុក បានសង្កត់ធ្ងន់ និងណែនាំយ៉ាងម៉ឺងម៉ាត់អំពីការហាមឃាត់មិនឱ្យមានការបោះចោលកាកសំណល់ ឬសំរាមផ្សេងៗចូលទៅក្នុងផ្ទៃទឹកបឹងទន្លេសាបជាដាច់ខាត។ ជាមួយគ្នានេះ លោកបានណែនាំឱ្យគ្រប់ខ្នងផ្ទះនីមួយៗត្រូវរៀបចំឱ្យមានធុង ឬសម្ភារសម្រាប់ច្រក និងទុកដាក់សំរាមឱ្យបានត្រឹមត្រូវនៅតាមផ្ទះរៀងៗខ្លួន ដើម្បីចៀសវាងការធ្លាក់ ឬបោះចូលទៅក្នុងទឹក។ បន្ថែមពីនេះ លោកអភិបាលស្រុក ក៏បានអំពាវនាវ និងលើកទឹកចិត្តឱ្យប្រជាពលរដ្ឋរស់នៅក្នុងសហគមន៍បណ្តែតទឹក ចូលរួមសហការជាមួយអាជ្ញាធរ និងកម្លាំងសមត្ថកិច្ច ក្នុងការប្រមូលកាកសំណល់សំរាមដែលកំពុងអណ្តែតរាយប៉ាយលើផ្ទៃទឹកឡើងមកលើ ដើម្បីរួមចំណែកសម្អាត បង្កើនអនាម័យ និងការពារប្រភពទឹកបឹងទន្លេសាបឱ្យបានស្អាតបាត និងមានសោភ័ណភាពល្អប្រសើរឡើងវិញ៕











