
លោកអភិបាលស្រុកក្រគរ ចុះអប់រំប្រជាពលរដ្ឋរស់នៅលើផ្ទៃទឹក ពីការទុកដាក់សំរាមឱ្យបានត្រឹមត្រូវ នៅឃុំកំពង់លួង
ពោធិ៍សាត់៖ ដើម្បីរួមចំណែកថែរក្សាអនាម័យ បរិស្ថាន និងសោភ័ណភាពនៅតំបន់បឹងទន្លេសាប លោក អ៊ន សុផល្លា អភិបាលស្រុកក្រគរ បានដឹកនាំក្រុមការងារអាជ្ញាធរមូលដ្ឋាន ចុះអប់រំ និងផ្សព្វផ្សាយដោយផ្ទាល់ដល់ប្រជាពលរដ្ឋដែលរស់នៅលើផ្ទៃទឹក ក្នុងឃុំកំពង់លួង ស្រុកក្រគរ ខេត្តពោធិ៍សាត់ ឱ្យបានយល់ដឹងកាន់តែច្បាស់អំពីការវេចខ្ចប់ និងទុកដាក់សំរាមឱ្យបានត្រឹមត្រូវ។ ក្នុងសកម្មភាពចុះជួបប្រជាពលរដ្ឋដល់ខ្នងផ្ទះបណ្តែតទឹក លោកអភិបាលស្រុក បានសង្កត់ធ្ងន់លើផលប៉ះពាល់ធ្ងន់ធ្ងរដែលកើតចេញពីការបោះចោលសំរាម ឬសំណល់ផ្សេងៗចូលទៅក្នុងទឹកដោយផ្ទាល់ ដែលមិនត្រឹមតែបំផ្លាញជីវចម្រុះក្នុងទឹក និងប្រភពទឹកប្រើប្រាស់ប្រចាំថ្ងៃប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្កជាជំងឺរាតត្បាតផ្សេងៗ ប៉ះពាល់ដល់សុខភាពសាធារណៈ និងសោភ័ណភាពតំបន់ប្រជុំជនបណ្តែតទឹកទៀតផង។ ប្រជាពលរដ្ឋរស់នៅក្នុងឃុំកំពង់លួង បានសម្តែងនូវការគាំទ្រ និងការយល់ស្របចំពោះការណែនាំរបស់អាជ្ញាធរ ព្រមទាំងប្តេជ្ញាចិត្តចូលរួមសហការក្នុងការថែរក្សាអនាម័យបរិស្ថានជុំវិញផ្ទះ និងប្រភពទឹកបឹងទន្លេសាបឱ្យបានល្អប្រសើរចាប់ពីពេលនេះតទៅ៕











