
លោកអភិបាលស្រុកក្រគរ ដឹកនាំមន្ត្រីចុះដាំកូនដើមក្ងោក ថែទាំ និងតុបតែងមែកឈើ ព្រមទាំងអំពាវនាវដល់ប្រជាពលរដ្ឋចូលរួមថែរក្សាការពារទាំងអស់គ្នា
ពោធិ៍សាត់៖ លោក អ៊ន សុផល្លា អភិបាលស្រុកក្រគរ បានដឹកនាំមន្ត្រីរដ្ឋបាល អាជ្ញាធរ និងប្រជាពលរដ្ឋក្នុងមូលដ្ឋាន ឃុំក្បាលត្រាច ស្រុកក្រគរ ខេត្តពោធិ៍សាត់ បានអញ្ជើញចុះសកម្មភាពដាំកូនដើមក្ងោក ថែទាំដើមឈើ និងតុបតែងកាប់ឆ្ការមែកឈើតាមដងផ្លូវសាធារណៈ ប្រកបដោយបរិយាកាសស្និទ្ធស្នាល និងស្មារតីស្រឡាញ់បៃតង នារសៀលថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦។ នៅក្នុងសកម្មភាពនោះ លោកអភិបាលស្រុកបានគូសបញ្ជាក់ថា ការដាំ និងថែទាំដើមឈើ គឺជាកិច្ចការដ៏មានសារៈសំខាន់ក្នុងការរួមចំណែកកែលម្អសោភ័ណភាពបរិស្ថាន ផ្តល់ម្លប់ និងបង្កើតបរិយាកាសខ្យល់អាកាសបរិសុទ្ធនៅក្នុងមូលដ្ឋាន។ ជាងនេះទៅទៀត សកម្មភាពតុបតែងមែកឈើក៏ធ្វើឡើងដើម្បីធានាបាននូវសុវត្ថិភាពក្នុងការធ្វើដំណើរ និងការពារបណ្តាញខ្សែភ្លើងផងដែរ។ ជាមួយគ្នានេះ លោកអភិបាលស្រុក ក៏បានធ្វើការអំពាវនាវយ៉ាងទទូចដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ក្រោមស្មារតីស្រឡាញ់ដើមឈើ សូមចូលរួមថែទាំ និងការពារដើមឈើរបស់យើងទាំងអស់គ្នា ដែលបានដាំរួចរាល់នៅតាមមូលដ្ឋានទូទាំងស្រុកក្រគរ ដើម្បីយើងរួមគ្នាបង្កើតបានជាសហគមន៍បៃតង ស្រស់ស្អាត និងគួរឱ្យចង់រស់នៅ៕ ឈឹម ម៉ារីយ៉ាន











