
អភិបាលស្រុកភ្នំក្រវាញ អញ្ជើញចុះពិនិត្យអនាម័យបរិស្ថាន និងសួរសុខទុក្ខបងប្អូនអាជីវករនៅផ្សារបាក់ចិញ្ចៀន
ពោធិ៍សាត់៖ លោក ធាម សុផាត អភិបាលស្រុកភ្នំក្រវាញ បានអញ្ជើញចុះពិនិត្យការងារអនាម័យ បរិស្ថាន និងសួរសុខទុក្ខដោយផ្ទាល់ដល់បងប្អូនអាជីវករ និងប្រជាពលរដ្ឋដែលកំពុងលក់ដូរ ស្ថិតនៅផ្សារបាក់ចិញ្ចៀន ក្នុងឃុំបាក់ចិញ្ចៀន ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ កាលពីថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦។ នៅក្នុងឱកាសចុះពិនិត្យនោះ លោកអភិបាលស្រុក បានដើរពិនិត្យមើលសភាពការណ៍ទូទៅ និងការរៀបចំសណ្តាប់ធ្នាប់នៅតាមកន្លែងលក់ដូរនីមួយៗ ព្រមទាំងបានយកចិត្តទុកដាក់សាកសួរពីសុខទុក្ខ ជីវភាពរស់នៅ និងមុខរបររកស៊ីរបស់បងប្អូនអាជីវករ។ លោក ធាម សុផាត បានក្រើនរំលឹក និងណែនាំដល់គណៈគ្រប់គ្រងផ្សារ អាជីវករ និងប្រជាពលរដ្ឋទាំងអស់ ឱ្យជួយថែរក្សាអនាម័យ បរិស្ថាន សោភ័ណភាព និងការទុកដាក់សំរាមឱ្យបានត្រឹមត្រូវ ដើម្បីធានាបាននូវសុខភាពអនាម័យល្អ ព្រមទាំងបង្កើតបរិយាកាសបរិសុទ្ធ និងមានសុវត្ថិភាពសម្រាប់អ្នកទិញ និងអ្នកលក់។ ជាមួយគ្នានេះ លោកក៏បានជំរុញឱ្យអាជ្ញាធរឃុំ និងគណៈគ្រប់គ្រងផ្សារ បន្តពង្រឹងការថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ និងរបៀបរៀបរយក្នុងផ្សារឱ្យបានល្អប្រសើរថែមទៀត៕ សាយយ័ន្ដ វុន្នីយ៉ា











