
អភិបាលស្រុកភ្នំក្រវាញ អញ្ជើញចុះពិនិត្យសកម្មភាពតុបតែងមែកឈើ និងការងាររដ្ឋបាលទូទៅនៅឃុំបាក់ចិញ្ចៀន
ពោធិ៍សាត់៖ លោក ធាម សុផាត អភិបាលស្រុកភ្នំក្រវាញ បានដឹកនាំក្រុមការងារចុះពិនិត្យការងាររដ្ឋបាលទូទៅ ព្រមទាំងសកម្មភាពចុះតុបតែង និងកាប់ឆ្កៀលមែកឈើតាមដងផ្លូវសាធារណៈ ក្នុងភូមិសាស្ត្រឃុំបាក់ចិញ្ចៀន ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ កាលពីថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦។ នៅក្នុងឱកាសចុះពិនិត្យផ្ទាល់នោះ លោកអភិបាលស្រុក បានលើកឡើងថា ការចុះតុបតែងមែកឈើនេះ គឺធ្វើឡើងដើម្បីលើកកម្ពស់សោភ័ណភាពបរិស្ថាន អនាម័យ និងជាពិសេសធានាដល់សុវត្ថិភាពក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ព្រមទាំងការពារកុំឱ្យមានការប៉ះពាល់ដល់បណ្តាញខ្សែភ្លើង ឬបង្កហានិភ័យផ្សេងៗក្នុងរដូវភ្លៀងធ្លាក់និងខ្យល់កន្ត្រាក់។ ជាមួយគ្នានេះ លោក ធាម សុផាត ក៏បានថ្លែងអំណរគុណ និងកោតសរសើរដល់អាជ្ញាធរឃុំបាក់ចិញ្ចៀន កងកម្លាំងមានសមត្ថកិច្ច និងក្រុមការងារពាក់ព័ន្ធទាំងអស់ ដែលបានខិតខំប្រឹងប្រែងបំពេញតួនាទីយ៉ាងសកម្មក្នុងការបម្រើផលប្រយោជន៍ និងឆ្លើយតបចំពោះសំណូមពររបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន។ លោកក៏បានជំរុញឱ្យអាជ្ញាធរមូលដ្ឋានបន្តយកចិត្តទុកដាក់លើការពង្រឹងសេវាសាធារណៈ ការរក្សាសន្តិសុខ សណ្តាប់ធ្នាប់ និងការអនុវត្តឱ្យបានល្អប្រសើរនូវគោលនយោបាយ ភូមិ-ឃុំ-សង្កត់មានសុវត្ថិភាព ផងដែរ៕សាយយ័ន្ដ វុន្នីយ៉ា











