
រដ្ឋបាលស្រុកក្រគរ និងមន្ទីរជំនាញខេត្តពោធិ៍សាត់ បើកកិច្ចប្រជុំដោះស្រាយបញ្ហាដីធ្លីជូនប្រជាពលរដ្ឋចំនួន ២៥គ្រួសារ នៅឃុំស្វាយស
ពោធិ៍សាត់៖ រដ្ឋបាលស្រុកក្រគរ សហការជាមួយមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តពោធិ៍សាត់ រួមទាំងមន្ត្រីជំនាញពាក់ព័ន្ធអាជ្ញាធរឃុំស្វាយស និងមេភូមិ បានបើកកិច្ចប្រជុំសម្របសម្រួល និងដោះស្រាយបញ្ហាប្រឈមលើវិស័យដីធ្លីជូនប្រជាពលរដ្ឋចំនួន ២៥គ្រួសារ ដែលប្រារព្ធធ្វើឡើងនៅសាលប្រជុំក្រុមប្រឹក្សាស្រុកក្រគរ កាលពីរថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦។ កិច្ចប្រជុំនេះ រៀបចំឡើងក្នុងគោលបំណងស្តាប់នូវការលើកឡើងពីទុក្ខលំបាក និងសំណូមពរ ក៏ដូចជាការពិនិត្យមើលឯកសារគតិយុត្តពាក់ព័ន្ធនឹងទីតាំងដីមានទំនាស់ ដើម្បីស្វែងរកដំណោះស្រាយដោយសន្តិវិធី ឈ្នះ-ឈ្នះ និងស្របតាមផ្លូវច្បាប់ជូនដល់ប្រជាពលរដ្ឋមូលដ្ឋាន។ តំណាងមន្ទីរ និងរដ្ឋបាលស្រុក បានបញ្ជាក់ថា ក្រុមការងារអន្តរាគមន៍នឹងខិតខំចុះពិនិត្យ និងវាស់វែងស្រាវជ្រាវឱ្យបានហ្មត់ចត់ឡើងវិញនូវស្ថានភាពដីជាក់ស្តែង ដើម្បីធានាបាននូវតម្លាភាព យុត្តិធម៌ និងការពារផលប្រយោជន៍ស្របច្បាប់ជូនប្រជាពលរដ្ឋគ្រប់រូប ដោយគ្មានការលំអៀង។ ជាលទ្ធផល ភាគីពាក់ព័ន្ធទាំងអស់បានឯកភាពគ្នាលើដំណោះស្រាយសមស្របមួយចំនួន និងបន្តចាត់ចែងអនុវត្តនីតិវិធីបន្ត ដើម្បីបញ្ចប់វិវាទនេះឱ្យបានឆាប់រហ័សក្នុងនាមជាគ្រួសារតែមួយនៅក្នុងសហគមន៍៕











