
លោក ធាម សុផាត អភិបាលស្រុកភ្នំក្រវាញ ចុះត្រួតពិនិត្យវឌ្ឍនភាពការងារកែលម្អបន្ទប់សិក្សានៅវិទ្យាល័យ ហ៊ុន សែន ភ្នំក្រវាញ
ពោធិ៍សាត់៖ លោក ធាម សុផាត អភិបាល នៃគណៈអភិបាលស្រុកភ្នំក្រវាញ បានអញ្ជើញចុះត្រួតពិនិត្យដោយផ្ទាល់នូវវឌ្ឍនភាព នៃសកម្មភាពការងារកែលម្អបន្ទប់សិក្សា នៅវិទ្យាល័យ ហ៊ុន សែន ភ្នំក្រវាញ ខេត្តពោធិ៍សាត់ នារសៀលថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៦ នេះ។ ការចុះពិនិត្យនាពេលនេះ ធ្វើឡើងដើម្បីតាមដាន និងវាយតម្លៃលើគុណភាពនៃការជួសជុល ក៏ដូចជាការរៀបចំកែលម្អហេដ្ឋារចនាសម្ព័ន្ធបន្ទប់សិក្សា ឱ្យមានភាពស្រស់ស្អាត សុវត្ថិភាព និងមានបរិស្ថានល្អប្រសើរ ឆ្លើយតបទៅនឹងតម្រូវការសិក្សារបស់សិស្សានុសិស្ស និងការបង្រៀនរបស់លោកគ្រូ អ្នកគ្រូ។ ក្នុងឱកាសនោះផងដែរ អាជ្ញាធរស្រុកបានយកចិត្តទុកដាក់ខ្ពស់លើការកែលម្អនេះ ដើម្បីធានាថាបន្ទប់សិក្សាថ្មីនេះ នឹងរួមចំណែកយ៉ាងសំខាន់ក្នុងការលើកកម្ពស់គុណភាពអប់រំ និងផ្តល់នូវបរិយាកាសសិក្សាប្រកបដោយផាសុកភាពសម្រាប់ក្មួយៗសិស្សានុសិស្សនៅក្នុងស្រុកភ្នំក្រវាញ៕









