
សាកលវិទ្យាល័យភូមិន្ទភ្នំពេញ អនុវត្តគម្រោងស្រាវជ្រាវពីបុគ្គលិកលក្ខណៈថ្នាក់ដឹកនាំមូលដ្ឋាន សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម នៅស្រុកភ្នំក្រវាញ
ពោធិ៍សាត់៖ ក្រុមការងារលោកសាកលវិទ្យាធិការ នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានចុះបេសកកម្មអនុវត្តគម្រោងស្រាវជ្រាវបែបវិទ្យាសាស្ត្រមួយ ស្តីពី «បុគ្គលិកលក្ខណៈក្រុមប្រឹក្សាឃុំ-សង្កាត់ ដែលប្រជាជនគាំទ្រ និងជ្រើសរើសក្នុងការបោះឆ្នោត សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ក្នុងប្រទេសកម្ពុជា» ដោយបានជ្រើសរើសយកឃុំព្រងិល ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ជាទីតាំងគោលដៅក្នុងការចុះប្រមូលទិន្នន័យ។ ការចុះអនុវត្តគម្រោងនេះ មានគោលបំណងសំខាន់ក្នុងការប្រមូលទិន្នន័យជាក់ស្តែង ដើម្បីធ្វើការវិភាគយ៉ាងល្អិតល្អន់លើគុណសម្បត្តិ ឥរិយាបថ និងបុគ្គលិកលក្ខណៈផ្ទាល់ខ្លួនរបស់អាជ្ញាធរឃុំ-សង្កាត់ ដែលទទួលបានសេចក្តីទុកចិត្ត និងការគាំទ្រពីសំណាក់ប្រជាពលរដ្ឋតាមរយៈការបោះឆ្នោត។ លទ្ធផលនៃការស្រាវជ្រាវនេះ នឹងក្លាយជាទិន្នន័យបែបវិទ្យាសាស្ត្រដ៏មានតម្លៃ ក្នុងការស្វែងយល់ពីកត្តាជោគជ័យនៃការដឹកនាំនៅថ្នាក់មូលដ្ឋាន។ ក្រុមស្រាវជ្រាវរំពឹងថានឹងទទួលបានធាតុចូលសំខាន់ៗ អំពីតម្រូវការ ការរំពឹងទុករបស់ប្រជាពលរដ្ឋចំពោះថ្នាក់ដឹកនាំមូលដ្ឋានរបស់ពួកគាត់ ជាផ្នែកមួយយ៉ាងសំខាន់ក្នុងការចូលរួមចំណែកជំរុញការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមជាតិឱ្យកាន់តែរីកចម្រើន និងមានប្រសិទ្ធភាពនាពេលអនាគត៕









