
ឯកឧត្តម ថោ ជេដ្ឋា វាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពគម្រោង «ទំនប់ទី២» នៅពោធិ៍សាត់ និងជំរុញការសាងសង់ឱ្យប្រកបដោយគុណភាព និងប្រសិទ្ធភាព
ពោធិ៍សាត់៖ គម្រោងសាងសង់ «ទំនប់ទី២» ដែលជាហេដ្ឋារចនាសម្ព័ន្ធប្រព័ន្ធធារាសាស្ត្រដ៏សំខាន់នៅលើទឹកដីខេត្តពោធិ៍សាត់ កំពុងដំណើរការយ៉ាងសកម្ម និងបង្ហាញរូបរាងកាន់តែច្បាស់ជាបណ្តើរៗហើយ ដើម្បីត្រៀមខ្លួនបម្រើផលប្រយោជន៍ជូនប្រជាពលរដ្ឋនាពេលខាងមុខឆាប់ៗនេះ។ ក្នុងឱកាសអញ្ជើញចុះពិនិត្យ និងវាយតម្លៃផ្ទាល់ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានសម្តែងនូវការវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពការងារដែលក្រុមការងារសាងសង់សម្រេចបាននាពេលកន្លងមក។ ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រីបានស្នើ និងផ្ដាំផ្ញើដល់ក្រុមការងារសាងសង់ទាំងអស់ ឱ្យបន្តយកចិត្តទុកដាក់ខ្ពស់លើគុណភាព បទដ្ឋានបច្ចេកទេស និងជំរុញការអនុវត្តការងារឱ្យសម្រេចបានតាមផែនការគ្រោងទុក ប្រកបដោយប្រសិទ្ធភាពខ្ពស់។ ឯកឧត្តមរដ្ឋមន្ត្រីបានគូសបញ្ជាក់បន្ថែមថា ការពង្រឹងគុណភាព និងល្បឿននៃគម្រោងទំនប់ទី២នេះ គឺដើម្បីធានាឱ្យបាននូវការផ្គត់ផ្គង់ទឹកបានគ្រប់គ្រាន់ និងមានស្ថិរភាព សម្រាប់បម្រើដល់ការងារដាំដុះដំណាំកសិកម្មគ្រប់ប្រភេទ ការប្រើប្រាស់ប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ ព្រមទាំងការប្រើប្រាស់លើគ្រប់វិស័យក្នុងខេត្តពោធិ៍សាត់ទាំងមូល៕










