
អភិបាលស្រុកក្រគរ ចូលរួមលើកទឹកចិត្ត និងឧបត្ថម្ភសម្ភារៈសិក្សាដល់សិស្សានុសិស្ស តាមរយៈកម្មវិធីសប្បុរសធម៌ "វិមានព្រះឆឹងអាន"
ពោធិ៍សាត់៖ លោក អ៊ន សុផល្លា អភិបាលស្រុកក្រគរ បានអញ្ជើញជាគណៈអធិបតីក្នុងកម្មវិធីសប្បុរសធម៌ "វិមានព្រះឆឹងអាន" ដែលបានរៀបចំឡើងដើម្បីឧបត្ថម្ភសម្ភារៈសិក្សា និងអង្ករ ជូនដល់សិស្សានុសិស្សនៃសាលាបឋមសិក្សាឈើតុំ នាព្រឹកថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៦ ។ ពិធីនេះត្រូវបានរៀបចំឡើងក្នុងគោលបំណងចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការលើកកម្ពស់វិស័យអប់រំ និងជួយសម្រាលជីវភាពគ្រួសារសិស្សានុសិស្សដែលមានជីវភាពខ្វះខាត។ តាមរយៈកម្មវិធីសប្បុរសធម៌នេះ សិស្សានុសិស្សទាំងអស់ទទួលបាននូវសម្ភារៈសិក្សាចាំបាច់សម្រាប់គាំទ្រដល់ការសិក្សារៀនសូត្រប្រចាំថ្ងៃ ព្រមទាំងទទួលបានអង្ករសម្រាប់សម្រួលដល់ជីវភាពគ្រួសារផងដែរ។ នៅក្នុងឱកាសនោះ លោក អ៊ន សុផល្លា អភិបាលស្រុក បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះតំណាងកម្មវិធីសប្បុរសធម៌ "វិមានព្រះឆឹងអាន" និងក្រុមការងារទាំងអស់ ដែលបានពាំនាំនូវអំណោយដ៏ថ្លៃថ្លានេះមកចែកជូនដល់ក្មួយៗសិស្សានុសិស្ស។ លោកអភិបាលស្រុកក៏បានផ្តាំផ្ញើ និងលើកទឹកចិត្តដល់ក្មួយៗសិស្សានុសិស្សទាំងអស់ ឱ្យខិតខំប្រឹងប្រែងរៀនសូត្រ ស្តាប់បង្គាប់ឪពុកម្តាយ និងលោកគ្រូអ្នកគ្រូ ដើម្បីក្លាយជាកូនល្អ សិស្សល្អ និងជាទំពាំងស្នងឫស្សីដ៏ល្អសម្រាប់ប្រទេសជាតិនាពេលអនាគត៕









