
កិច្ចប្រជុំពិភាក្សាផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ឆ្នាំ២០២៧ រវាងអាជ្ញាធរខេត្តពោធិ៍សាត់ និងអង្គការសំឡេងសហគមន៍
ពោធិ៍សាត់៖ លោក ហ៊ន់ សុវណ្ណ អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តពោធិ៍សាត់ បានអញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សាលើ «ការរៀបចំផែនការសកម្មភាព និងផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍សម្រាប់ឆ្នាំ២០២៧» របស់អង្គការអភិវឌ្ឍន៍សំឡេងសហគមន៍ (BCV) នៅថ្ងៃសុក្រ ទី៤ ខែកញ្ញា ឆ្នាំ២០២៦ ។ កិច្ចប្រជុំនេះបានប្រព្រឹត្តទៅនៅសាលប្រជុំនៃមន្ទីរធនធានទឹក និងឧតុនិយមខេត្តពោធិ៍សាត់ ដោយមានសមាសភាពចូលរួមយ៉ាងច្រើនកុះករពីតំណាងស្ថាប័នពាក់ព័ន្ធ រួមមាន៖ មន្ត្រីជំនាញនៃមន្ទីរធនធានទឹក មន្ទីរកសិកម្ម ខណ្ឌរដ្ឋបាលព្រៃឈើ ព្រមទាំងអាជ្ញាធរមូលដ្ឋានដូចជា ក្រុមប្រឹក្សាឃុំ មេភូមិ និងអនុភូមិ។ បន្ថែមពីនេះ កម្មវិធីក៏មានការចូលរួមយ៉ាងសកម្មពីសំណាក់តំណាងសហគមន៍កសិករប្រើប្រាស់ទឹក សហគមន៍ព្រៃឈើ សហគមន៍កសិកម្ម និងក្រុមយុវជនក្នុងតំបន់ ដើម្បីរួមគ្នាចែករំលែកមតិយោបល់ បញ្ហាប្រឈម និងធាតុចូលសំខាន់ៗ ក្នុងការរៀបចំផែនការយុទ្ធសាស្ត្រឱ្យឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋក្នុងសហគមន៍សម្រាប់ឆ្នាំ២០២៧ ខាងមុខប្រកបដោយប្រសិទ្ធភាព និងចីរភាព៕











