
ឯកឧត្តមបណ្ឌិត ទី ថានី អញ្ជើញជួបសំណេះសំណាលជាមួយសិស្សានុសិស្សទទួលបានជោគជ័យក្នុងការប្រឡងបាក់ឌុប និងអាណាព្យាបាល នៅវិទ្យាល័យបាកាន
ពោធិ៍សាត់៖ ឯកឧត្តមបណ្ឌិត ទី ថានី អ្នកតំណាងរាស្ត្រមណ្ឌលខេត្តពោធិ៍សាត់ និងជាប្រធានក្រុមការងារមន្ត្រីរាជការ គ្រូបង្រៀន និងយុវជន បានអញ្ជើញជាអធិបតីក្នុងពិធីជួបសំណេះសំណាលជាមួយអាណាព្យាបាល និងសិស្សានុសិស្ស ដែលទើបទទួលបានលទ្ធផលជោគជ័យក្នុងការប្រឡងបញ្ចប់មធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ឆ្នាំសិក្សា២០២៥-២០២៦ នៅវិទ្យាល័យបាកាន នារសៀលថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៦ ។ នៅក្នុងឱកាសដ៏រីករាយនោះ ឯកឧត្តមបណ្ឌិត បានសម្តែងនូវការអបអរសាទរយ៉ាងកក់ក្តៅ និងកោតសរសើរចំពោះខិតខំប្រឹងប្រែងរបស់ប្អូនៗសិស្សានុសិស្សទាំងអស់ ដែលបានជួយឱ្យទទួលបានជោគជ័យក្នុងការសិក្សា ព្រមទាំងបានថ្លែងអំណរគុណដល់លោកគ្រូ អ្នកគ្រូ និងអាណាព្យាបាល ដែលបានយកចិត្តទុកដាក់គាំទ្រ និងអប់រំបណ្តុះបណ្តាលកន្លងមក។ ជាមួយគ្នានេះ ឯកឧត្តមក៏បានផ្តល់នូវមតិផ្តាំផ្ញើ និងការណែនាំល្អៗដល់ប្អូនៗសិស្សានុសិស្ស ឱ្យបន្តខិតខំរៀនសូត្រនៅកម្រិតឧត្តមសិក្សា និងការបណ្តុះបណ្តាលជំនាញបច្ចេកទេសបន្ថែមទៀត ដើម្បីក្រសោបយកចំណេះដឹងរឹងមាំ សម្រាប់យកទៅអភិវឌ្ឍសមត្ថភាពខ្លួនឯង គ្រួសារ និងចូលរួមចំណែកកសាងប្រទេសជាតិឱ្យកាន់តែរីកចម្រើននាពេលអនាគត៕










