
លោក ងួន ប៉ោសេង ដឹកនាំកិច្ចប្រជុំពិភាក្សាការស្នើសុំប្រើប្រាស់ទីតាំងសាធារណៈ ដើម្បីសាងសង់ស្ថានីយសាកថាមពលយានយន្តអគ្គិសនី
ពោធិ៍សាត់៖ លោក ងួន ប៉ោសេង អភិបាលរងនៃគណៈអភិបាលខេត្ត តំណាង ឯកឧត្តម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ បានអញ្ជើញដឹកនាំកិច្ចប្រជុំស្តីពី «ការស្នើសុំអនុញ្ញាតប្រើប្រាស់ទីតាំងសាធារណៈ ដើម្បីសាងសង់ស្ថានីយសាកថាមពលយានយន្តអគ្គិសនី (AVATAR EV Charging Station)» នៅសាលាខេត្តពោធិ៍សាត់ នារសៀលថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៦នេះ។ កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីសំណាក់ លោកអនុប្រធានមន្ទីរពាក់ព័ន្ធ លោកអភិបាលរងក្រុង-ស្រុក ព្រមទាំងមន្ត្រីជំនាញជាច្រើនរូបទៀត។ អង្គប្រជុំបានធ្វើការពិភាក្សា និងសិក្សាលម្អិតអំពីលទ្ធភាព បច្ចេកទេស និងទីតាំងសាធារណៈសមស្រប ដើម្បីរៀបចំដំឡើងស្ថានីយសាកថាមពលយានយន្តអគ្គិសនីនេះ ឱ្យមានសុវត្ថិភាព និងសម្រួលដល់ការប្រើប្រាស់របស់ប្រជាពលរដ្ឋ។ ការរៀបចំឱ្យមានស្ថានីយសាកថាមពលយានយន្តអគ្គិសនី (EV) នេះ គឺជាជំហានដ៏សំខាន់មួយក្នុងការគាំទ្រគោលនយោបាយប្រើប្រាស់ថាមពលបៃតង និងចូលរួមកាត់បន្ថយការភាយឧស្ម័នពុលទៅក្នុងបរិស្ថាន នៅក្នុងខេត្តពោធិ៍សាត់៕










