
អភិបាលស្រុកវាលវែង ចុះពិនិត្យវឌ្ឍនភាពសួនផ្កា «បុប្ផាលាក់ខ្លួន ភ្នំ១៥០០» ដើម្បីជំរុញសម្រស់ធម្មជាតិ និងវិស័យទេសចរណ៍ក្នុងមូលដ្ឋាន
ពោធិ៍សាត់៖ លោក ធាង ឡេង អភិបាល នៃគណៈអភិបាលស្រុកវាលវែង បានអញ្ជើញចុះពិនិត្យវឌ្ឍនភាពនៃការរៀបចំ និងកែប្រែសម្រស់សួនផ្កា «បុប្ផាលាក់ខ្លួន ភ្នំ១៥០០» ដែលជាតំបន់ទេសចរណ៍ដ៏មានសក្តានុពល និងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់មហាជន នាថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៦ ។ ការចុះពិនិត្យផ្ទាល់នាឱកាសនេះ គឺដើម្បីតាមដាន និងវាយតម្លៃលើការងាររៀបចំសួន ការដាំលម្អរុក្ខជាតិ និងការរៀបចំហេដ្ឋារចនាសម្ព័ន្ធគាំទ្រផ្សេងៗ សំដៅលើកកម្ពស់សភ័ណភាពតំបន់ភ្នំ១៥០០ ឱ្យកាន់តែមានភាពទាក់ទាញ ស្រស់ស្អាត និងមានបរិស្ថានបៃតង។ ក្នុងឱកាសនោះ លោកអភិបាលស្រុកបានគូសបញ្ជាក់ពីសារសំខាន់នៃការអភិវឌ្ឍតំបន់ទេសចរណ៍ធម្មជាតិ និងបានផ្តល់នូវអនុសាសន៍មួយចំនួនដល់ក្រុមការងារពាក់ព័ន្ធ ដើម្បីបន្តរៀបចំ និងថែទាំសួនផ្កានេះឱ្យមានភាពរៀបរយ សុវត្ថិភាព និងអនាម័យល្អ ប្រៀបដូចជាការត្រៀមលក្ខណៈរួចរាល់ក្នុងការស្វាគមន៍ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលមកកម្សាន្តនៅស្រុកវាលវែង ខេត្តពោធិ៍សាត់៕









