
អាជ្ញាធរស្រុកក្រគរ សហការជាមួយមន្ទីរសង្គមកិច្ចខេត្ត ចុះសួរសុខទុក្ខលោកយាយ វ័យ ៨៧ឆ្នាំ ដល់ខ្នងផ្ទះក្នុងឃុំកំពង់ពោធិ៍
ពោធិ៍សាត់៖ លោកស្រី មិត្ត សុភាព អភិបាលរងស្រុក តំណាងឱ្យលោកអភិបាលនៃគណៈអភិបាលស្រុកក្រគរ បានអញ្ជើញអមដំណើរលោកប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តពោធិ៍សាត់ ចុះសួរសុខទុក្ខលោកយាយ ស យ៉ាន អាយុ ៨៧ឆ្នាំ ដល់ខ្នងផ្ទះ ដែលស្ថិតនៅក្នុងភូមិរលួសកណ្តាល ឃុំកំពង់ពោធិ៍ ស្រុកក្រគរ ខេត្តពោធិ៍សាត់ នាថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៦។ ការចុះសួរសុខទុក្ខនាឱកាសនេះ ស្ដែងឱ្យឃើញពីការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់អាជ្ញាធរដែនដី និងស្ថាប័នជំនាញ ចំពោះសុខទុក្ខ និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ជាពិសេសមនុស្សវ័យចាស់ និងជរាពាធនៅក្នុងមូលដ្ឋាន។ ក្នុងជំនួបប្រកបដោយភាពស្និទ្ធស្នាល និងកក់ក្តៅនោះ គណៈប្រតិភូបានសាកសួរសុខទុក្ខពីស្ថានភាពសុខភាព និងការរស់នៅប្រចាំថ្ងៃ ព្រមទាំងបានពាំនាំនូវការគិតគូរ និងកម្លាំងចិត្តជូនដល់លោកយាយ ស យ៉ាន ឱ្យមានសុខភាពល្អ និងអាយុយឺនយូរតទៅមុខទៀត៕









