
រដ្ឋបាលខេត្តពោធិ៍សាត់ ប្រកាសផ្សព្វផ្សាយប្លង់វិនិច្ឆ័យដីធ្លីជូនពលរដ្ឋ ឃុំខ្នារទទឹង ដើម្បីធានាកម្មសិទ្ធិស្របច្បាប់
ពោធិ៍សាត់៖ លោក ហេង សុភាណា អភិបាលរង នៃគណៈអភិបាលខេត្តពោធិ៍សាត់ ក្នុងពិធីប្រកាសផ្សព្វផ្សាយជាសាធារណៈនូវ «ឯកសារវិនិច្ឆ័យសម្រាប់ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ» ដែលពិធីនេះបានប្រព្រឹត្តទៅដើម្បីបម្រើឱ្យប្រជាពលរដ្ឋរស់នៅក្នុងភូមិទួលអង្គ្រង ភូមិក្រូចសើច ភូមិបឹងឈូក និងភូមិកោះក្របី ស្ថិតក្នុងឃុំខ្នារទទឹង ស្រុកបាកាន ខេត្តពោធិ៍សាត់ នាព្រឹកថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៦ ។ ការប្រកាសផ្សព្វផ្សាយឯកសារវិនិច្ឆ័យនាពេលនេះ គឺជាជំហានយ៉ាងសំខាន់ក្នុងដំណើរការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ដើម្បីឱ្យម្ចាស់ដី និងភាគីពាក់ព័ន្ធទាំងអស់បានមកពិនិត្យផ្ទៀងផ្ទាត់ទិន្នន័យ ក្បាលដី ឈ្មោះ ព្រំប្រទល់ និងទំហំដីឱ្យបានត្រឹមត្រូវ មុននឹងឈានទៅដល់ការចេញប័ណ្ណកម្មសិទ្ធិដីធ្លី (ប្លង់រឹង) ជូនប្រជាពលរដ្ឋជាផ្លូវការ។ លោកអភិបាលរងខេត្ត បានជំរុញ និងអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលមានក្បាលដីក្នុងភូមិទាំង ៤ ខាងលើ អញ្ជើញមកពិនិត្យមើលទិន្នន័យដីធ្លីរបស់ខ្លួនឱ្យបានទាន់ពេលវេលា និងសហការជាមួយមន្ត្រីជំនាញ ដើម្បីធានាបាននូវភាពត្រឹមត្រូវ តម្លាភាព និងចៀសវាងនូវវិវាទផ្សេងៗទៅថ្ងៃអនាគត សំដៅការពារសុវត្ថិភាពនៃកែវភ្នែកកម្មសិទ្ធិដីធ្លីជូនប្រជាពលរដ្ឋឱ្យបានរឹងមាំ៕










