
វិទ្យាល័យ ហ៊ុន សែន ប្រម៉ោយ រៀបចំកិច្ចប្រជុំជាមួយអាណាព្យាបាលសិស្ស ដើម្បីរៀបចំផែនការសម្រាប់ឆ្នាំសិក្សាថ្មី ២០២៦-២០២៧
ពោធិ៍សាត់៖ កិច្ចប្រជុំរួមគ្នាមួយជាមួយអាណាព្យាបាលសិស្ស ក្រោមអធិបតីភាព លោក មុំ បូផាន់ អភិបាលរងស្រុកវាលវែង និងជាប្រធានគណៈកម្មការគ្រប់គ្រងសាលារៀន (គគស) ដើម្បីពិភាក្សា និងរៀបចំផែនការសកម្មភាពសម្រាប់ឆ្នាំសិក្សាថ្មី ២០២៦-២០២៧ ឱ្យកាន់តែមានប្រសិទ្ធភាព នាថ្ងៃព្រហស្បតិ៍ ទី៣ ខែកញ្ញា ឆ្នាំ២០២៦ វិទ្យាល័យ ហ៊ុន សែន ប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់។ អង្គកិច្ចប្រជុំបានផ្តោតសំខាន់លើការផ្លាស់ប្តូរយោបល់ និងស្វែងរកដំណោះស្រាយរួមគ្នារវាងគណៈគ្រប់គ្រងសាលា លោកគ្រូ-អ្នកគ្រូ និងអាណាព្យាបាល ក្នុងការលើកកម្ពស់គុណភាពនៃការអប់រំ ការពង្រឹងវិន័យសិស្ស និងការរៀបចំបរិស្ថានសិក្សាឱ្យកាន់តែប្រសើរឡើង។ ក្នុងឱកាសនោះ លោក មុំ បូផាន់ បានសម្តែងនូវការកោតសរសើរចំពោះការចូលរួមយ៉ាងសកម្មរបស់អាណាព្យាបាលទាំងអស់ និងបានគូសបញ្ជាក់ថា កិច្ចសហការជិតស្និទ្ធរវាងសាលារៀន និងអាណាព្យាបាល គឺជាកត្តាគន្លឹះមិនអាចខ្វះបានក្នុងការជំរុញឱ្យសិស្សានុសិស្សទទួលបាននូវចំណេះដឹង សីលធម៌ និងសមត្ថភាពពិតប្រាកដ ដើម្បីត្រៀមខ្លួនសម្រាប់ឆ្នាំសិក្សាថ្មីខាងមុខនេះ៕









