
អភិបាលស្រុកតាលោសែនជ័យ ដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាព ដោះស្រាយបញ្ហាប្រឈម និងកំណត់ទិសដៅការងារបន្ត
ពោធិ៍សាត់៖ លោក ចាន់ វិចិត្រ អភិបាល នៃគណៈអភិបាលស្រុកតាលោសែនជ័យ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារ បញ្ហាប្រឈម ដំណោះស្រាយ និងលើកទិសដៅអនុវត្តបន្ត នៅសាលប្រជុំសាលាស្រុកតាលោសែនជ័យ នារសៀលថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៦ ។ ក្នុងអង្គកិច្ចប្រជុំ លោកអភិបាលស្រុក បានស្ដាប់នូវរបាយការណ៍សង្ខេបស្ដីពីលទ្ធផលការងារដែលសម្រេចបាននាពេលកន្លងមក ព្រមទាំងបានលើកយកនូវបញ្ហាប្រឈម និងសំណូមពរផ្សេងៗមកពិភាក្សាផ្លាស់ប្តូរយោបល់យ៉ាងផុសផុល ដើម្បីស្វែងរកដំណោះស្រាយសមស្រប និងទាន់ពេលវេលា។ ជាមួយគ្នានោះដែរ លោក ចាន់ វិចិត្រ បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់។ លើសពីនេះ លោកបានដាក់ចេញនូវទិសដៅការងារសំខាន់ៗសម្រាប់អនុវត្តបន្ត ដោយណែនាំឱ្យមន្ត្រីគ្រប់ការិយាល័យបង្កើនស្មារតីទទួលខុសត្រូវ ពង្រឹងកិច្ចសហការផ្ទៃក្នុង និងខិតខំបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋក្នុងស្រុកតាលោសែនជ័យ ឱ្យកាន់តែមានប្រសិទ្ធភាព តម្លាភាព និងទាន់ពេលវេលា៕









