
លោក អ៊ន សុផល្លា ដឹកនាំកិច្ចប្រជុំជាមួយថ្នាក់ដឹកនាំស្រុកក្រគរ ដើម្បីតាមដានវឌ្ឍនភាពការងារ និងដោះស្រាយបញ្ហាប្រឈម
ពោធិ៍សាត់៖ លោក អ៊ន សុផល្លា អភិបាល នៃគណៈអភិបាលស្រុកក្រគរ បានដឹកនាំកិច្ចប្រជុំការងារជាមួយ លោក លោកស្រី អភិបាលរងស្រុក ដើម្បីពិនិត្យ និងតាមដានអំពីវឌ្ឍនភាពការងារ ព្រមទាំងលើកយកបញ្ហាប្រឈមនានាមកពិភាក្សាដោះស្រាយ នៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៦ ។ នៅក្នុងកិច្ចប្រជុំនេះ អង្គប្រជុំបានធ្វើការវាយតម្លៃលើលទ្ធផលការងារដែលសម្រេចបានកន្លងមក ពិភាក្សាលើបញ្ហាកង្វល់ និងឧបសគ្គដែលបានជួបប្រទះក្នុងការអនុវត្តភារកិច្ចតាមវិស័យនីមួយៗ ដើម្បីស្វែងរកដំណោះស្រាយ និងឈានទៅកំណត់ទិសដៅអនុវត្តបន្តឱ្យកាន់តែមានប្រសិទ្ធភាព។ ឱកាសនោះ លោក អ៊ន សុផល្លា បានកោតសរសើរដល់ក្រុមការងារថ្នាក់ដឹកនាំស្រុកដែលបានខិតខំបំពេញភារកិច្ច និងបានណែនាំឱ្យបន្តពង្រឹងកិច្ចសហការ រក្សាស្មារតីទទួលខុសត្រូវខ្ពស់ និងជម្រុញការដោះស្រាយបញ្ហាប្រឈមជូនប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាពខ្ពស់៕









