
អាជ្ញាធរស្រុកក្រគរ សហការជាមួយអាជ្ញាធរឃុំទាំង៣ ចុះកាត់តែងដើមឈើ និងដើមត្របែកព្រៃតាមបណ្ដោយផ្លូវជាតិលេខ៥
ពោធិ៍សាត់៖ លោក អ៊ន សុផល្លា អភិបាល នៃគណៈអភិបាលស្រុកក្រគរ បានដឹកនាំមន្ត្រីរដ្ឋបាលសាលាស្រុក សហការយ៉ាងសកម្មជាមួយអាជ្ញាធរឃុំត្នោតជុំ ឃុំបឹងកន្ទួត និងឃុំអូរសណ្តាន់ ព្រមទាំងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ និងប្រជាការពារ ចុះធ្វើសកម្មភាពកាត់តែងដើមត្របែកព្រៃតាមទ្រូងផ្លូវជាតិលេខ៥ និងដើមឈើផ្សេងៗតាមចិញ្ចើមផ្លូវជាតិ នៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៦ ។ ប្រតិបត្តិការនេះធ្វើឡើងក្នុងគោលបំណងរៀបចំសណ្ដាប់ធ្នាប់ លើកកម្ពស់សោភណភាពដងផ្លូវឱ្យមានភាពស្រស់ស្អាត ព្រមទាំងកាត់បន្ថយឧបសគ្គបាំងទស្សនវិស័យរបស់អ្នកបើកបរ និងជួយកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ដែលអាចកើតមានឡើងជាយថាហេតុ នៅតាមបណ្ដោយផ្លូវជាតិលេខ៥។ សកម្មភាពនេះទទួលបានការគាំទ្រ និងសហការយ៉ាងល្អពីសំណាក់អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ និងប្រជាការពារ ក្នុងស្មារតីរួមគ្នាបម្រើផលប្រយោជន៍សាធារណៈ និងសុវត្ថិភាពនៃការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ៕









