
អភិបាលខេត្តពោធិ៍សាត់ ចុះពិនិត្យការស្ថាបនាផ្លូវទៅកាន់ «ទឹកធ្លាក់ថ្មចាំង» ដើម្បីរុញច្រានវិស័យទេសចរណ៍នៅស្រុកវាលវែង
ពោធិ៍សាត់៖ ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានអញ្ជើញចុះពិនិត្យដោយផ្ទាល់លើសកម្មភាពត្រាស្សេរ និងស្ថាបនាផ្លូវតភ្ជាប់ទៅកាន់ «រមណីដ្ឋានទឹកធ្លាក់ថ្មចាំង» ដែលស្ថិតនៅក្នុងឃុំក្រពើពីរ ស្រុកវាលវែង ខេត្តពោធិ៍សាត់ កាលពីថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៦។ ការស្ថាបនាខ្សែផ្លូវនេះ គឺជាការបើកច្រកសរសៃឈាមសេដ្ឋកិច្ច និងទេសចរណ៍ដ៏មានសារសំខាន់ក្នុងការតភ្ជាប់ទៅកាន់តំបន់ទេសចរណ៍ធម្មជាតិជាច្រើនទៀតក្នុងស្រុកវាលវែង។ ហេដ្ឋារចនាសម្ព័ន្ធថ្មីនេះ នឹងជួយសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរឱ្យកាន់តែមានភាពងាយស្រួល រហ័ស និងមានសុវត្ថិភាព ស្របតាមទស្សនវិស័យ៖ «វាលវែង ដែនដីធម្មជាតិដ៏ស្រស់បំព្រង ផ្លូវកាន់តែប្រសើរ ការធ្វើដំណើរកាន់តែមានសុវត្ថិភាព ទេសចរណ៍កាន់តែរីកចម្រើន»៕










