
លោក ចាន់ វិចិត្រ ដឹកនាំក្រុមការងារបន្តចុះដោះស្រាយបញ្ហានាំទឹកបញ្ចូលស្រែជូនប្រជាពលរដ្ឋ ក្នុងឃុំតាលោ ស្រុកតាលោសែនជ័យ
ពោធិ៍សាត់៖ លោក ចាន់ វិចិត្រ អភិបាលស្រុកតាលោសែនជ័យ បានដឹកនាំក្រុមការងារបច្ចេកទេស បន្តចុះពិនិត្យស្ថានភាពជាក់ស្ដែង និងអន្តរាគមន៍ដោះស្រាយបញ្ហាខ្វះខាតទឹកស្រោចស្រពស្រូវជូនប្រជាពលរដ្ឋរស់នៅក្នុងភូមិបឹងកក់ ភូមិប្រហាល និងភូមិថ្មី ស្ថិតក្នុងឃុំតាលោ ស្រុកតាលោសែនជ័យ ខេត្តពោធិ៍សាត់។ កិច្ចអន្តរាគមន៍យ៉ាងសកម្មនេះ បានធ្វើឡើងជាបន្តបន្ទាប់ បន្ទាប់ពីអាជ្ញាធរស្រុកបានដោះស្រាយបញ្ហានាំទឹកបញ្ចូលស្រែជូនប្រជាពលរដ្ឋនៅភូមិក្រញាំ និងភូមិស្តុលខ្ទុម ក្នុងឃុំផ្ទះរុង ទទួលបានលទ្ធផលជាស្ថាពររួចមក ដើម្បីធានាថាស្រូវស្រែរបស់បងប្អូនប្រជាកសិករទទួលបានទឹកគ្រប់គ្រាន់ និងជៀសផុតពីការខូចខាត៕









