
អភិបាលខេត្តពោធិ៍សាត់ ចុះពិនិត្យអន្តរាគមន៍សង្គ្រោះស្រូវស្រែដែលកំពុងប្រឈមខ្វះទឹកនៅស្រុកបាកាន
ពោធិ៍សាត់៖ ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានដឹកនាំមន្ត្រីជំនាញ និងអាជ្ញាធរពាក់ព័ន្ធ ចុះពិនិត្យផ្ទាល់ និងបញ្ជាការងារអន្តរាគមន៍បូមទឹកសង្គ្រោះស្រូវស្រែរបស់ប្រជាពលរដ្ឋ ដែលកំពុងជួបប្រទះបញ្ហាប្រឈមខ្វះខាតទឹកស្រោចស្រព ស្ថិតក្នុងឃុំមេទឹក និងឃុំមួយចំនួនទៀត ក្នុងស្រុកបាកាន ខេត្តពោធិ៍សាត់ នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៦។ ក្នុងឱកាសចុះពិនិត្យនោះ ឯកឧត្តមអភិបាលខេត្ត បានណែនាំឱ្យអាជ្ញាធរមូលដ្ឋាន សហការជាមួយមន្ទីរធនធានទឹក និងឧតុនិយមខេត្ត ញាប់ដៃញាប់ជើងប្រើប្រាស់គ្រប់មធ្យោបាយ និងគ្រឿងចក្រ ដើម្បីបូម និងបង្វែរប្រភពទឹកសង្គ្រោះស្រូវស្រែប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា ជៀសវាងការខូចខាតផលដំណាំ។ ជាមួយគ្នានេះដែរ ឯកឧត្តមបានអំពាវនាវ និងប្រគល់ភារកិច្ចជូនអាជ្ញាធរភូមិ-ឃុំ ឱ្យបន្តតាមដានស្ថានភាពទឹកជាប្រចាំ និងជួយសម្របសម្រួលការបែងចែកទឹកប្រើប្រាស់ឱ្យបានស្មើភាពគ្នា ដើម្បីធានាថាស្រែដែលកំពុងប្រឈមខ្វះទឹកទាំងអស់ ទទួលបានទឹកស្រោចស្រពគ្រប់គ្រាន់៕










