
អាជ្ញាធរស្រុកតាលោសែនជ័យ ចុះអន្តរាគន៍បូមទឹកសង្គ្រោះដំណាំស្រូវដែលកំពុងប្រឈមនឹងគ្រោះរាំងស្ងួត
ពោធិ៍សាត់៖ លោក ចាន់ វិចិត្រ អភិបាលនៃគណៈអភិបាលស្រុកតាលោសែនជ័យ បានបន្តដឹកនាំក្រុមការងារចុះពិនិត្យស្ថានភាពដំណាំស្រូវរបស់ប្រជាពលរដ្ឋជាក់ស្តែង ដែលកំពុងប្រឈមនឹងការខ្វះខាតទឹកដោយសារ គ្រោះរាំងស្ងួត។ នៅក្នុងឱកាសនោះ លោកអភិបាលស្រុក បានចាត់វិធានការអន្តរាគន៍ជាបន្ទាន់ ដោយបញ្ជាការងារបូម និងបង្វែរប្រភពទឹកបន្ថែមចូលទៅក្នុងស្រែរបស់ប្រជាពលរដ្ឋ ដើម្បីសង្គ្រោះដំណាំស្រូវឱ្យទាន់ពេលវេលា និងកាត់បន្ថយការខូចខាតឱ្យបានច្រើនបំផុត។ ប្រតិបត្តិការចុះសង្គ្រោះស្រូវនេះ បាន និងកំពុងបន្តធ្វើសកម្មភាពយ៉ាងសកម្មនៅក្នុងបណ្តាភូមិមួយចំនួន រួមមាន៖ ភូមិគោករំល, ភូមិព្រៃវាំង, ភូមិបួរច្រេស, ភូមិទួលថ្ម, ភូមិកោះវត្ត, ភូមិសិរីគន្ធា និងភូមិតាលោ។ លោកអភិបាលស្រុក ក៏បានបញ្ជាក់ថានឹងបន្តតាមដានស្ថានភាពធាតុអាកាស និងការផ្គត់ផ្គង់ទឹកជាប្រចាំ ដើម្បីធានាថាស្រែប្រជាពលរដ្ឋទទួលបានទឹកគ្រប់គ្រាន់៕









