
លោក ធាម សុផាត ដឹកនាំកម្លាំងចម្រុះ និងសិស្សានុសិស្ស ចុះធ្វើអនាម័យបរិស្ថាន ដើម្បីលើកកម្ពស់សោភ័ណភាពទីប្រជុំជនស្រុកភ្នំក្រវាញ
ខេត្តពោធិ៍សាត់៖ លោក ធាម សុផាត អភិបាលនៃគណៈអភិបាលស្រុកភ្នំក្រវាញ បានអញ្ជើញដឹកនាំយុទ្ធនាការចុះធ្វើអនាម័យបរិស្ថានយ៉ាងផុសផុល នៅតាមតំបន់ទីប្រជុំជនស្រុក ស្ថិតក្នុងឃុំលាច ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ នាព្រឹកថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៦នេះ។ សកម្មភាពដ៏មានសារៈសំខាន់នេះ មានការចូលរួមយ៉ាងសកម្មពីសំណាក់ មន្ត្រីរដ្ឋបាលស្រុក អាជ្ញាធរឃុំលាច ក្រុមយុវជនទាំង៤ផែន លោកគ្រូ អ្នកគ្រូ ព្រមទាំងសិស្សានុសិស្សជាច្រើនរូប ដោយបានរួមគ្នាសម្អាត ប្រមូល និងរៀបចំទុកដាក់កាកសំណល់ សំរាម នៅតាមដងផ្លូវ និងទីសាធារណៈ។ យុទ្ធនាការធ្វើអនាម័យនាឱកាសនេះ ធ្វើឡើងក្នុងគោលបំណងបំផុសស្មារតីស្រឡាញ់បរិស្ថាន ចូលរួមថែរក្សាអនាម័យ និងជាពិសេសគឺដើម្បីលើកកម្ពស់សោភ័ណភាពទីប្រជុំជនស្រុកភ្នំក្រវាញ ឱ្យកាន់តែមានភាពស្អាត ស្រស់បំព្រង និងមានបរិស្ថានរស់នៅល្អប្រសើរសម្រាប់ប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរដែលមកកម្សាន្តក្នុងតំបន់នេះផងដែរ៕










