
ឯកឧត្តម ខូយ រីដា ចុះពិនិត្យការកែលម្អច្រាំងស្ទឹងពោធិ៍សាត់ត្រើយខាងលិច ដើម្បីរៀបចំសណ្តាប់ធ្នាប់ និងបង្កើតតំបន់ទេសចរណ៍ថ្មី
ខេត្តពោធិ៍សាត់៖ ឯកឧត្តម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ នៅព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៦ នេះបានអញ្ជើញចុះពិនិត្យស្ថានភាពទូទៅ និងការលក់ដូររបស់ប្រជាពលរដ្ឋ នៅតាមបណ្តោយច្រាំងស្ទឹងត្រើយខាងលិច (ចាប់ពីស្ពានថ្មចាស់ ដល់ស្ពានដែកផ្លូវរទេះភ្លើង) ដែលទើបនឹងកែលម្អ និងចាក់ដីពង្រីកបន្ថែមរួចរាល់ ។ គោលបំណងសំខាន់នៃការចុះពិនិត្យ៖ ពង្រឹងសណ្តាប់ធ្នាប់ រៀបចំទីតាំងលក់ដូរឱ្យមានរបៀបរៀបរយ ជៀសវាងការរំលោភយកចិញ្ចើមផ្លូវ ដែលបង្កការកកស្ទះចរាចរណ៍ និងប៉ះពាល់សោភ័ណភាព, អភិវឌ្ឍន៍វិស័យទេសចរណ៍ អោយប្រែក្លាយតំបន់ច្រាំងស្ទឹងនេះ ទៅជាចំណុចទាក់ទាញថ្មីមួយ សម្រាប់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរមកកម្សាន្ត និងលម្ហែកាយ។ ក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្ត បានកោតសរសើរដល់ក្រុមការងារ ព្រមទាំងបានអំពាវនាវដល់អាជីវករទាំងអស់ ឱ្យចូលរួមសហការជាមួយអាជ្ញាធរក្នុងការថែរក្សាអនាម័យ បរិស្ថាន ទុកដាក់សម្រាមឱ្យបានត្រឹមត្រូវ ដើម្បីរួមគ្នាលើកកម្ពស់មុខមាត់ក្រុងពោធិ៍សាត់។ សូមបញ្ជាក់ថា៖ គម្រោងកែលម្អ និងចាក់ដីពង្រីកច្រាំងស្ទឹងត្រើយខាងលិចនេះ គឺជាផ្នែកមួយនៃផែនការមេរបស់រដ្ឋបាលខេត្ត ក្នុងការកែប្រែសោភ័ណភាពក្រុងពោធិ៍សាត់ ឱ្យក្លាយជាទីក្រុងស្អាត និងគួរជាទីមនោរម្យ៕










