
មន្ទីរកសិកម្មខេត្តពោធិ៍សាត់ ផ្សព្វផ្សាយគម្រោង «EMPOWER» ជួយលើកកម្ពស់ជីវភាពពលរដ្ឋជិត ១,០០០នាក់ នៅស្រុកបាកាន
ពោធិ៍សាត់៖ កិច្ចប្រជុំផ្សព្វផ្សាយស្តីពីការអនុវត្តគម្រោងលើកកម្ពស់ជីវភាពប្រកបដោយប្រសិទ្ធភាពសេដ្ឋកិច្ច ដើម្បីកាត់បន្ថយភាពងាយរងគ្រោះ និងពង្រឹងភាពធន់ (EMPOWER) នៅសាលាស្រុកបាកាន កាលពីថ្ងៃសៅរ៍ ទី១១ ខែកក្កដា ឆ្នាំ២០២៦។ កិច្ចប្រជុំនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម ទី នរិន្ទ រដ្ឋលេខាធិការប្រចាំការក្រសួងរ៉ែ និងថាមពល និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយស្រុកបាកាន ព្រមទាំង លោកជំទាវ វ៉ាន់ សែនពិសី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដោយមានការចូលរួមពីអាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋជិត ១,០០០នាក់។ គម្រោង EMPOWER នេះ នឹងផ្តោតការយកចិត្តទុកដាក់គាំទ្រដល់ប្រជាពលរដ្ឋក្រីក្រនៅក្នុងតំបន់គោលដៅនៃឃុំចំនួន៣ គឺ ឃុំខ្នារទទឹង ឃុំត្រពាំងជង និងឃុំស្នាមព្រះ ដោយជំរុញលើសកម្មភាពផលិតកម្មចំនួន២ សំខាន់ៗ រួមមាន៖ ការដាំបន្លែផ្ទះសំណាញ់ និងការចិញ្ចឹមមាន់ស្រែ។ ក្នុងឱកាសនោះ ក្រុមការងារក៏បានធ្វើការផ្សព្វផ្សាយ និងចែកខិតប័ណ្ណព័ត៌មានរបស់គម្រោងទៅដល់ប្រជាពលរដ្ឋផ្ទាល់ ដើម្បីត្រៀមខ្លួនចូលរួមអនុវត្តគម្រោងឱ្យទទួលបានជោគជ័យ និងមានប្រសិទ្ធភាពខ្ពស់៕










