
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់ បើកយុទ្ធនាការប្រឆាំងព័ត៌មានក្លែងក្លាយ ជំហាន២ ដល់សិស្សានុសិស្សជាង ១,០០០នាក់ នៅស្រុកកណ្តៀង
(ពោធិ៍សាត់)៖ មន្ទីរព័ត៌មានខេត្តពោធិ៍សាត់ សហការជាមួយមន្ទីរអប់រំ យុវជន និងកីឡាខេត្ត បានរៀបចំពិធីយុទ្ធនាការប្រឆាំងព័ត៌មានក្លែងក្លាយ ជំហាន២ សម្រាប់ឆ្នាំ២០២៦ ក្រោមប្រធានបទ «ពង្រឹងអក្ខរកម្មព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយដើម្បីសុវត្ថិភាពព័ត៌មាន»។ យុទ្ធនាការនេះត្រូវបានធ្វើឡើងនៅអនុវិទ្យាល័យ និងវិទ្យាល័យហ៊ុនសែនកណ្ដៀង ស្រុកកណ្តៀង ដោយមានការចូលរួមពីសិស្សានុសិស្ស ដែលជាក្រុមយុវជនប្រើប្រាស់សកម្មនូវបណ្តាញសង្គម សរុបប្រមាណជាង ១,០០០នាក់ នៅព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៦។ ពិធីនេះត្រូវបានរៀបចំឡើងក្រោមអធិបតីភាពរួមមាន លោក លាង ទិតដ្ឋាន ប្រធានមន្ទីរព័ត៌មានខេត្តពោធិ៍សាត់ និងលោក ណារ៉ា ចំរើន អភិបាលនៃគណៈអភិបាលស្រុកកណ្ដៀង ព្រមទាំងមានការចូលរួមពីសំណាក់លោកនាយកវិទ្យាល័យ លោកគ្រូ និងអ្នកគ្រូផងដែរ។ យុទ្ធនាការជំហាន២ ឆ្នាំ២០២៦ នេះ រៀបចំឡើងក្នុងគោលបំណងសំខាន់ ដើម្បីពង្រឹងការយល់ដឹង បណ្តុះស្មារតី «អក្ខរកម្មព័ត៌មាន» និងរួមគ្នាទប់ស្កាត់ការរីករាលដាលនៃព័ត៌មានមិនពិតក្នុងស្រទាប់យុវវ័យ ព្រមទាំងជួយឱ្យពួកគាត់មានភាពវៃឆ្លាតក្នុងការទទួល វិភាគ និងចែករំលែកព័ត៌មាននៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមប្រកបដោយសុវត្ថិភាពខ្ពស់៕










