
កិច្ចប្រជុំក្រុមប្រឹក្សាភិបាលរដ្ឋាករទឹកពោធិ៍សាត់ លើកទី១២ អាណត្តិទី១ ដើម្បីជំរុញការអភិវឌ្ឍវិស័យទឹកស្អាត
(ពោធិ៍សាត់)៖ លោក ងួន ប៉ោសេង អភិបាលរងខេត្ត និងជាសមាជិកក្រុមប្រឹក្សាភិបាលរដ្ឋាករទឹកពោធិ៍សាត់ តំណាងឯកឧត្ដម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ បានអញ្ជើញចូលរួមជាអធិបតីក្នុង កិច្ចប្រជុំក្រុមប្រឹក្សាភិបាលរដ្ឋាករទឹកពោធិ៍សាត់ លើកទី១២ អាណត្តិទី១ ដែលបានប្រព្រឹត្តទៅនៅទីស្នាក់ការរដ្ឋាករទឹកពោធិ៍សាត់ ស្ថិតក្នុងក្រុងពោធិ៍សាត់ នៅព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៦ នេះ។ កិច្ចប្រជុំដ៏មានសារៈសំខាន់នេះ បានលើកយករបៀបវារៈសំខាន់ៗចំនួន ៥ មកពិភាក្សា និងឆ្លង ក្នុងនោះរួមមាន៖ ការត្រួតពិនិត្យការងារសេសសល់ពីកិច្ចប្រជុំលើកទី១១, ការវាយតម្លៃលើរបាយការណ៍លទ្ធផលផលិតកម្ម-អាជីវកម្មទឹកស្អាតប្រចាំឆមាសទី១ ព្រមទាំងដាក់ចេញទិសដៅការងារសម្រាប់ត្រីមាសទី៣ ឆ្នាំ២០២៦ ខាងមុខ។ ទន្ទឹមនឹងនេះ អង្គប្រជុំក៏បានធ្វើបច្ចុប្បន្នភាពលើការងារលទ្ធកម្ម និងបានពិនិត្យយ៉ាងហ្មត់ចត់លើរបាយការណ៍ស្តីពីការអនុវត្តគម្រោងពង្រីកហេដ្ឋារចនាសម្ព័ន្ធទឹកស្អាតបន្ថែមសម្រាប់ខេត្តពោធិ៍សាត់ ដែលជាគម្រោងប្រើប្រាស់ថវិកាជាតិ ដើម្បីធានាបាននូវការផ្គត់ផ្គង់ទឹកស្អាតជូនប្រជាពលរដ្ឋឱ្យកាន់តែមានវិសាលភាពធំទូលាយ ប្រកបដោយគុណភាព និងនិរន្តរភាព៕










