
រដ្ឋបាលខេត្តពោធិ៍សាត់ ចូលរួមសិក្ខាសាលាថ្នាក់ជាតិ ស្តីពីការកសាងផែនការសកម្មភាពគាំពារកុមារតូច ក្រោមភាពជាដៃគូជាមួយក្រសួងអប់រំ និងយូនីសេហ្វ
ភ្នំពេញ៖ លោក ងួន ប៉ោសេង អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ បានអញ្ជើញចូលរួមក្នុងសិក្ខាសាលាផ្សព្វផ្សាយសៀវភៅណែនាំស្តីពី «ការកសាងផែនការសកម្មភាពថ្នាក់ក្រោមជាតិសម្រាប់ការគាំពារ និងអភិវឌ្ឍកុមារតូច» នៅសណ្ឋាគារ ហ៉ីម៉ាវ៉ារី រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៦។ សិក្ខាសាលានេះប្រព្រឹត្តទៅក្រោមអធិបតីភាព លោកជំទាវបណ្ឌិត គឹម សេដ្ឋានី រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងលោកបណ្ឌិត អានៀរបាន ឆាតឺរជី (Anirban Chatterjee) នាយករងអង្គការយូនីសេហ្វ (UNICEF) ប្រចាំកម្ពុជា ដោយមានការចូលរួមពីថ្នាក់ដឹកនាំមន្ទីរអប់រំ យុវជន និងកីឡា ខេត្តពោធិ៍សាត់ ព្រមទាំងមន្ត្រីពាក់ព័ន្ធជាច្រើនរូប។ កម្មវិធីនេះរៀបចំឡើងក្នុងគោលបំណងពង្រឹងសមត្ថភាពដល់រដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងការរៀបចំផែនការសកម្មភាពឱ្យកាន់តែមានប្រសិទ្ធភាព សំដៅលើកកម្ពស់ការគាំពារ ការអប់រំ និងការអភិវឌ្ឍគ្រប់ជ្រុងជ្រោយដល់កុមារតូចៗនៅតាមមូលដ្ឋាន៕









