
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ដឹកនាំកិច្ចប្រជុំបូកសរុបការងារ ៦ខែដើមឆ្នាំ របស់គណៈអភិបាលរាជធានី-ខេត្ត
ពោធិ៍សាត់៖ ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានដឹកនាំថ្នាក់ដឹកនាំ និងមន្ត្រីពាក់ព័ន្ធ ចូលរួមកិច្ចប្រជុំបូកសរុបលទ្ធផលការងារ ៦ខែដើមឆ្នាំ ប្រចាំឆមាសទី១ និងលើកទិសដៅអនុវត្តបន្តសម្រាប់ឆមាសទី២ ឆ្នាំ២០២៦ របស់គណៈអភិបាលរាជធានី-ខេត្ត នៅថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២៦ នេះ នៅសាលប្រជុំសាលាខេត្តពោធិ៍សាត់។ កិច្ចប្រជុំដ៏មានសារៈសំខាន់នេះ ប្រព្រឹត្តទៅតាមរយៈប្រព័ន្ធវីដេអូ Zoom Meeting ស្ថិតក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដើម្បីឆ្លុះបញ្ចាំងពីសមិទ្ធផលការងាររដ្ឋបាល ការរក្សាសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការផ្តល់សេវាជូនប្រជាពលរដ្ឋនៅតាមមូលដ្ឋានទូទាំងប្រទេស ព្រមទាំងដាក់ចេញនូវទិសដៅយុទ្ធសាស្ត្រសម្រាប់អនុវត្តបន្តឱ្យកាន់តែមានប្រសិទ្ធភាព៕










