
ឯកឧត្តម ខូយ រីដា ដឹកនាំយុទ្ធនាការដាំកូនឈើក្ងោក នៅអូរដំណាក់កន្សែង ស្រុកតាលោសែនជ័យ
ខេត្តពោធិ៍សាត់៖ ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានដឹកនាំមន្ត្រីរាជការរដ្ឋបាលស្រុកតាលោសែនជ័យ ព្រមទាំងអាជ្ញាធរមូលដ្ឋាន កម្លាំងប្រជាការពារ ក្រុមយុវជន និងបងប្អូនប្រជាពលរដ្ឋ ចុះអនុវត្តយុទ្ធនាការដាំកូនឈើក្ងោក ក្នុងឆ្នាំ២០២៦ នាល្ងាចថ្ងៃទី២៦ ខែមិថុនា។ យុទ្ធនាការដាំកូនឈើនេះ ត្រូវបានរៀបចំឡើងនៅចំណុចអូរដំណាក់កន្សែង ស្ថិតក្នុងឃុំផ្ទះរុង ស្រុកតាលោសែនជ័យ ខេត្តពោធិ៍សាត់ ក្នុងគោលបំណងលើកកម្ពស់សោភ័ណភាព បង្កើតគម្របបៃតង និងបំផុសស្មារតីស្រឡាញ់ ថែរក្សាការពារបរិស្ថានធម្មជាតិ នៅក្នុងមូលដ្ឋាន ក៏ដូចជាទូទាំងខេត្តពោធិ៍សាត់ទាំងមូលផងដែរ៕










