
កងរាជអាវុធហត្ថខេត្តពោធិ៍សាត់ ត្រៀមរៀបចំផែនការការពារសន្តិសុខ និងសណ្តាប់ធ្នាប់ ជូនសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត
ពោធិ៍សាត់៖ នាព្រឹកថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត លោកវរសេនីយ៍ឯក សុខ ម៉េងឡុង មេបញ្ជាការស្ដីទីកងរាជអាវុធហត្ថខេត្តពោធិ៍សាត់ បានដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយផែនការ ការពារសន្តិសុខ និងរក្សាសណ្ដាប់ធ្នាប់ ជូនសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីសំណេះសំណាល ចែកពូជស្រូវ និងស្បៀងជូនប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង ស្ថិតក្នុងសង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់។ កិច្ចប្រជុំនេះ ក៏មានសមាសភាពចូលរួមយ៉ាងកុះករផងដែរ រួមមាន៖ លោកមេបញ្ជាការរង ប្រធាន អនុប្រធានមន្ទីរ នាយ នាយរងការិយាល័យ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង-ស្រុក និងមេបញ្ជាការកងអនុសេនាធំចល័ត ដើម្បីកំណត់ផែនការសកម្មភាព និងការចាត់តាំងកម្លាំងអន្តរាគមន៍ការពារឱ្យបានហ្មត់ចត់ធានាបាននូវសុវត្ថិភាព សន្តិសុខ និងសណ្តាប់ធ្នាប់សង្គមក្នុងដំណើរអញ្ជើញចុះសំណេះសំណាល និងចែកអំណោយដល់ប្រជាពលរដ្ឋរងគ្រោះប្រកបដោយជោគជ័យ និងសុវត្ថិភាពពេញលេញ៕










