
ក្រុមការងាររាជរដ្ឋាភិបាល ចុះបើកវេទិកាសាធារណៈថ្នាក់ជាតិ នៅស្រុកកែវសីមា ដើម្បីឆ្លើយតប និងដោះស្រាយបញ្ហាប្រឈមជូនប្រជាពលរដ្ឋ
ខេត្តមណ្ឌលគិរី៖ ដើម្បីពង្រឹងការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ឱ្យកាន់តែមានប្រសិទ្ធភាពនៅថ្នាក់មូលដ្ឋាន នាព្រឹកថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៦ វេទិកាសាធារណៈថ្នាក់ជាតិមួយត្រូវបានរៀបចំឡើងនៅក្នុងបរិវេណសហគមន៍ ភូមិពូរង៉ោល ឃុំមេម៉ង់ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី។ ពិធីនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម ទិន ពន្លក រដ្ឋលេខាធិការក្រសួងបរិស្ថាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកកែវសីមា និង ឯកឧត្តម សួន សុខឃឹម រដ្ឋលេខាធិការក្រសួងផែនការ និងជាអនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកកែវសីមា។ អង្គវេទិកានេះក៏មានការអញ្ជើញចូលរួមពីសំណាក់ លោក សាន់ ដារិទ្ធិ អភិបាលរងនៃគណៈអភិបាលខេត្តមណ្ឌលគិរី, កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ, ថ្នាក់ដឹកនាំមន្ទីរ-អង្គភាពជំនាញជុំវិញខេត្ត, លោក សាន គឹមអ៊ាប អភិបាលស្រុកកែវសីមា ព្រមទាំងអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ និងបងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានយ៉ាងច្រើនកុះករ។











