
លោកអភិបាលស្រុកកណ្តៀង ចុះពិនិត្យការដ្ឋានប្រឡាយ ៣.២៨០ម៉ែត្រ និងណែនាំពង្រឹងការផ្តល់សេវាសាធារណៈ ព្រមទាំងការងារសន្តិសុខក្នុងឃុំស្រែស្តុក
ក្នុងឱកាសនោះ លោកអភិបាលស្រុក បានណែនាំដល់ក្រុមហ៊ុនទទួលការ ឱ្យរៀបចំសម្អាតសោភ័ណភាពតាមបណ្តោយប្រឡាយឱ្យមានសណ្តាប់ធ្នាប់ និងចាក់បំពេញក្រួសក្រហមបន្ថែមតាមខ្នងលូឱ្យបានស្មើល្អ ដើម្បីជៀសវាងការដក់ទឹក និងធានាបាននូវគុណភាពសំណង់ប្រកបដោយប្រសិទ្ធភាពប្រើប្រាស់យូរអង្វែង។ ជាមួយគ្នានេះ លោកក៏បានចុះពិនិត្យប្រឡាយមួយចំនួនទៀត ដែលត្រូវដាក់បញ្ចូលក្នុងគម្រោងមូលនិធិឃុំសម្រាប់ឆ្នាំ២០២៧ ដើម្បីរៀបចំផែនការឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋ។











