
ក្រុមការងារអនាម័យក្រុងពោធិ៍សាត់ អនុវត្តយុទ្ធនាការបោសសម្អាត និងប្រមូលសំណល់តាមកំណាត់ស្ពានថ្ម លើផ្លូវជាតិលេខ៥
ពោធិ៍សាត់៖ ក្រោមការដឹកនាំ និងបញ្ជាផ្ទាល់ពី លោក ផាយ ឡេង អភិបាល នៃគណៈអភិបាលក្រុងពោធិ៍សាត់ នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៦ នេះ ក្រុមការងារអនាម័យក្រុង បានចុះអនុវត្តយុទ្ធនាការសម្អាត បោសសំអាតដី និងប្រមូលសំណល់ផ្សេងៗយ៉ាងសកម្ម តាមកំណាត់ស្ពានថ្ម ដែលស្ថិតនៅតាមបណ្តោយខ្សែផ្លូវជាតិលេខ៥ ក្នុងដែនសមត្ថកិច្ចក្រុងពោធិ៍សាត់។ យុទ្ធនាការសម្អាតបរិស្ថាននេះ ធ្វើឡើងក្នុងគោលបំណងលើកកម្ពស់សោភ័ណភាពទីក្រុង ធានាបាននូវអនាម័យបរិស្ថានល្អប្រសើរ និងសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ ប្រកបដោយសុវត្ថិភាព និងផាសុកភាព។ ជាមួយគ្នានេះ ការបោសសម្អាតដី និងខ្សាច់ដែលកកស្ទះតាមដងផ្លូវ និងស្ពាន ក៏ជួយកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ដែលកើតឡើងជាយថាហេតុ និងជួយរក្សាសោភ័ណភាពក្រុងឱ្យមានភាពស្រស់ស្អាតជានិច្ច។ ក្នុងឱកាសនោះ អាជ្ញាធរក្រុង ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ អ្នកធ្វើដំណើរ និងអាជីវករទាំងអស់ ឱ្យចូលរួមចំណែកថែរក្សាអនាម័យបរិស្ថាន ដោយមិនត្រូវបោះចោលសំរាម ឬសំណល់ផ្សេងៗពាសវាលពាសកាលនៅលើដងផ្លូវ និងតាមស្ពានសាធារណៈឡើយ៕











