
លោក សុង សុធា ដឹកនាំកិច្ចប្រជុំត្រៀមរៀបចំ និងទទួលបដិសណ្ឋារកិច្ច ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវជាតិលេខ១០
ពោធិ៍សាត់៖ លោក សុង សុធា អភិបាលរងស្រុកវាលវែង បានដឹកនាំកិច្ចប្រជុំអនុគណៈកម្មការរៀបចំ និងទទួលបដិសណ្ឋារកិច្ច ជូន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃ ទី ២៨ ខែកញ្ញា ឆ្នាំ២០២៦។ កិច្ចប្រជុំនេះធ្វើឡើងដើម្បីត្រៀមលក្ខណៈឱ្យបានល្អប្រសើរ ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ផ្លូវជាតិលេខ១០ ដែលជាគម្រោងសាងសង់ក្រោមក្របខ័ណ្ឌហិរញ្ញប្បទានសហប្រតិបត្តិការពីរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន និងក្របខ័ណ្ឌថវិកាជាតិ ដែលគ្រោងនឹងប្រារព្ធធ្វើឡើងក្នុងពេលឆាប់ៗខាងមុខនេះ។ ការត្រៀមរៀបចំនេះ គឺដើម្បីធានាថា កិច្ចដំណើរការនៃពិធីសម្ពោធផ្លូវជាតិដ៏មានសារៈសំខាន់មួយនេះ ប្រព្រឹត្តទៅដោយរលូន រក្សាបាននូវសន្តិសុខ សុវត្ថិភាព និងរបៀបរៀបរយយ៉ាងល្អប្រសើរជូនដល់គណៈអធិបតី និងអ្នកចូលរួមទាំងអស់៕











