
អភិបាលស្រុកភ្នំក្រវាញ ចុះពិនិត្យស្ថានភាពទឹកនៅភូមិសាយ ឃុំព្រងិល
ពោធិ៍សាត់៖ លោក ធាម សុផាត អភិបាលស្រុកភ្នំក្រវាញ បានដឹកនាំក្រុមការងារអាជ្ញាធរមូលដ្ឋាន ចុះពិនិត្យស្ថានភាពទឹក និងកម្រិតជំនន់ទឹកភ្លៀងដោយផ្ទាល់ នៅភូមិសាយ ឃុំព្រងិល ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ នៅព្រឹកថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៦ ។ ក្នុងសកម្មភាពចុះពិនិត្យនេះ លោកអភិបាលស្រុកបានណែនាំដល់អាជ្ញាធរឃុំ-ភូមិ និងកងកម្លាំងពាក់ព័ន្ធ ត្រូវបន្តតាមដានការវិវត្តនៃកម្ពស់ទឹកឱ្យបានជាប់ជាប្រចាំ ព្រមទាំងត្រៀមលក្ខណៈសម្ភារ និងកម្លាំងអន្តរាគមន៍ ដើម្បីចុះជួយសង្គ្រោះប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា ប្រសិនបើមានករណីទឹកហក់ឡើងខ្លាំង។ ជាមួយគ្នានេះ លោកក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋរស់នៅក្នុងតំបន់នោះ ឱ្យបង្កើនការប្រុងប្រយ័ត្នខ្ពស់ និងថែរក្សាសុខភាព ជាពិសេសកុមារតូចៗ និងមនុស្សចាស់ ដើម្បីចៀសវាងគ្រោះថ្នាក់ផ្សេងៗដែលកើតឡើងដោយយថាហេតុ៕











