
អាជ្ញាធរខេត្តពោធិ៍សាត់ ពង្រឹងការងារសន្តិសុខ និងបដិសណ្ឋារកិច្ច ក្នុងពិធីទទួលស្វាគមន៍ប្រមុខរាជរដ្ឋាភិបាល
ពោធិ៍សាត់៖ លោក ប៉ុក ណាឌី អភិបាលរងខេត្តពោធិ៍សាត់ បានអញ្ជើញជាអធិបតីដឹកនាំ «កិច្ចប្រជុំអនុគណៈកម្មការរៀបចំទីកន្លែងប្រារព្ធពិធី និងទទួលបដិសណ្ឋារកិច្ច» ដែលបានប្រព្រឹត្តទៅនៅជាន់ទី១ សាលាខេត្តពោធិ៍សាត់ នារសៀលថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៦។ កិច្ចប្រជុំដ៏សំខាន់នេះ មានការចូលរួមពីសំណាក់លោក លោកស្រី ជាសមាជិក សមាជិកា អនុគណៈកម្មការ ព្រមទាំងមន្ត្រីរាជការ និងអាជ្ញាធរពាក់ព័ន្ធជាច្រើនរូប ក្នុងគោលបំណងត្រួតពិនិត្យ ពិភាក្សា និងបែងចែកភារកិច្ចលម្អិត លើការងាររៀបចំទីកន្លែងប្រារព្ធពិធី ការតុបតែងលម្អ និងការងារបដិសណ្ឋារកិច្ច ឱ្យមានរបៀបរៀបរយ សន្តិសុខ សុវត្ថិភាព និងភាពសមរម្យបំផុត ដើម្បីត្រៀមលក្ខណៈរៀបចំទទួលបដិសណ្ឋារកិច្ច សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នាពេលខាងមុខ។ ក្នុងឱកាសនោះដែរ លោកអភិបាលរងខេត្ត បានផ្តល់អនុសាសន៍ណែនាំ និងផ្តាំផ្ញើដល់សមាជិក សមាជិកា ព្រមទាំងមន្ត្រីពាក់ព័ន្ធទាំងអស់ ត្រូវបង្កើនកិច្ចសហការគ្នាយ៉ាងជិតស្និទ្ធ ដោយឈរលើស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីធានាឱ្យដំណើរការនៃការរៀបចំកម្មវិធីទាំងមូល ប្រព្រឹត្តទៅដោយរលូន គ្មានចន្លោះប្រហោង និងទទួលបានជោគជ័យយ៉ាងត្រចះត្រចង់៕










