
កម្លាំងនគរបាលស្រុកភ្នំក្រវាញ ចុះល្បាតត្រួតពិនិត្យរដ្ឋបាលយប់-ថ្ងៃ នៅតាម ៦ ឃុំ ដើម្បីបង្ការ និងទប់ស្កាត់បទល្មើសគ្រប់ប្រភេទ
ពោធិ៍សាត់៖ ដោយអនុវត្តតាមទិសដៅការងាររបស់ថ្នាក់ដឹកនាំ លោក វរសេនីយ៍ទោ អ៊ុំ រតនា អធិការរងទទួលដឹកនាំការងារផែនការងារសេនាធិការ និងជាប្រធានវេនប្រចាំបញ្ជា និងអន្តរាគមន៍វេនទី១ នៃអធិការដ្ឋាននគរបាលស្រុកភ្នំក្រវាញ បានដឹកនាំកម្លាំងក្នុងវេនប្រចាំបញ្ជា សហការយ៉ាងជិតស្និទ្ធជាមួយកម្លាំងតាមបណ្តាប៉ុស្តិ៍នគរបាលរដ្ឋបាល ចុះធ្វើប្រតិបត្តិការល្បាត និងត្រួតពិនិត្យរដ្ឋបាលនៅតាមបណ្តាភូមិសាស្ត្រទាំង ៦ ឃុំ ក្នុងស្រុកភ្នំក្រវាញ នាថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៦ ។ ប្រតិបត្តិការល្បាត និងត្រួតពិនិត្យនេះ ត្រូវបានធ្វើឡើងទាំងពេលថ្ងៃ និងពេលយប់ ក្នុងគោលបំណងបង្ការ បង្ក្រាប និងទប់ស្កាត់បទល្មើសគ្រប់ប្រភេទឱ្យបានទាន់ពេលវេលា។ ការចុះពង្រឹងសន្តិសុខយ៉ាងសកម្មនេះ គឺដើម្បីធានាឱ្យបាននូវការរក្សាសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈយ៉ាងរឹងមាំ ដោយបង្កើតនូវបរិយាកាសសុខសាន្ត និងផ្តល់ទំនុកចិត្តជូនដល់បងប្អូនប្រជាពលរដ្ឋដែលរស់នៅក្នុងស្រុកភ្នំក្រវាញទាំងមូល៕











