
មន្ទីរទេសចរណ៍ខេត្តពោធិ៍សាត់ បើកវគ្គបណ្ដុះបណ្ដាល «ឆុងកាហ្វេកម្រិតមូលដ្ឋាន» ដើម្បីពង្រឹងជំនាញប្រតិបត្តិករទេសចរណ៍
ពោធិ៍សាត់៖ មន្ទីរទេសចរណ៍ខេត្តពោធិ៍សាត់ សហការជាមួយកម្មវិធីអភិវឌ្ឍន៍ជំនាញ (SDP) នៃអង្គការ Swisscontact និងទទួលបានការគាំទ្រពីក្រុមហ៊ុន Gourmet Beverage Solutions (GBS) បានរៀបចំពិធីបើកវគ្គបណ្ដុះបណ្ដាលបដិសណ្ឋារកិច្ចកម្ពុជា (HoKa) លើជំនាញ «ឆុងកាហ្វេកម្រិតមូលដ្ឋាន» ក្រោមអធិបតីភាព លោក មីលីយ៉ា សុវត្ថិធី ប្រធានមន្ទីរទេសចរណ៍ខេត្តពោធិ៍សាត់ នាព្រឹកថ្ងៃទី ២៦ ខែសីហា ឆ្នាំ ២០២៦ ។ វគ្គបណ្ដុះបណ្ដាលនេះប្រព្រឹត្តទៅរយៈពេល ៣ ថ្ងៃ (ចាប់ពីថ្ងៃទី ២៦ ដល់ថ្ងៃទី ២៨ ខែសីហា ឆ្នាំ ២០២៦) ដោយមានការចូលរួមពីមន្ត្រីរាជការ និងសិក្ខាកាមជាប្រតិបត្តិករ-សេវាករទេសចរណ៍សរុប ១២ រូប (ស្រី ១០ រូប)។ ខ្លឹមសារសិក្សាផ្តោតលើ ៩ ម៉ូឌុល៖ ចំណេះដឹងទូទៅ ប្រវត្តិកាហ្វេ, តួនាទីជាបារីស្តា, និងប្រភេទនៃគ្រាប់កាហ្វេ, បច្ចេកទេស និងការប្រតិបត្តិ ដំណើរការនៃការធ្វើកាហ្វេ, បញ្ជីរាយឈ្មោះកាហ្វេ, និងការអនុវត្តន៍ការឆុងកាហ្វេផ្ទាល់, ការគ្រប់គ្រង និងឧបករណ៍ នៃការប្រើប្រាស់-ថែទាំម៉ាស៊ីន និងឧបករណ៍ឆុងកាហ្វេ ព្រមទាំងដំណើរការនៃការបើក/បិទហាងកាហ្វេ៕










