
សិស្សថ្នាក់ទី១២ វិទ្យាល័យបាកាន រៀបចំដំណើរទស្សនកិច្ចនៅសៀមរាប និងថតរូបអនុស្សាវរីយ៍នៅប្រាសាទអង្គរវត្ត ក្រោមការឧបត្ថម្ភពីថ្នាក់ដឹកនាំ
ពោធិ៍សាត់៖ ក្រោយឆ្លងកាត់ការខិតខំប្រឹងប្រែងសិក្សា និងការប្រឡងប្រជែងយ៉ាងស្វិតស្វាញ ក្រុមសិស្សានុសិស្សថ្នាក់ទី១២ នៃវិទ្យាល័យបាកាន បានបង្កើតអនុស្សាវរីយ៍យ៉ាងមានន័យ តាមរយៈដំណើរទស្សនកិច្ចកម្សាន្តនៅទឹកដីប្រវត្តិសាស្ត្រខេត្តសៀមរាប។ ក្នុងដំណើរទស្សនកិច្ចនេះ ក្រុមសិស្សានុសិស្សបានរួមគ្នាថតរូបអនុស្សាវរីយ៍ជុំគ្នា នៅមុខប្រាសាទអង្គរវត្ត ដើម្បីរំលេចពីសាមគ្គីភាព មិត្តភាព និងទុកជាការចងចាំចុងក្រោយនៃជីវិតជាសិស្សវិទ្យាល័យ មុននឹងបោះជំហានទៅកាន់ឧត្តមសិក្សា និងទីផ្សារការងារ។ ព្រឹត្តិការណ៍ដ៏សប្បាយរីករាយនេះ អាចសម្រេចទៅបានដោយសារការឧបត្ថម្ភ និងយកចិត្តទុកដាក់ខ្ពស់ពី ឯកឧត្តម កែវ រតនៈ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តពោធិ៍សាត់ និង ឯកឧត្តម ទី នរិន្ទ ប្រធានក្រុមការងារចុះជួយស្រុកបាកាន ក្នុងការលើកទឹកចិត្តដល់យុវជនជំនាន់ក្រោយ។ តំណាងគណៈគ្រប់គ្រង លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សទាំងអស់ បានសម្តែងនូវការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះការគាំទ្រយ៉ាងពេញទំហឹងពីសំណាក់ថ្នាក់ដឹកនាំទាំងពីរ។










