
មន្ទីរពាណិជ្ជកម្មខេត្តបាត់ដំបង ចូលរួមអបអរសាទរ “យុទ្ធនាការផលិតផលជាតិ MadeInCambodia
នៅថ្ងៃទី ១៥-១៦ ខែសីហា ឆ្នាំ២០២៦ មន្ទីរពាណិជ្ជកម្មខេត្តបាត់ដំបង បានចូលរួមអបអរសាទរ និងគាំទ្រ យុទ្ធនាការផលិតផលជាតិ MadeInCambodia ជាមួយខេត្តកំពង់ចាម ដែលជាខេត្តគោលដៅ។

នៅថ្ងៃទី ១៥-១៦ ខែសីហា ឆ្នាំ២០២៦ មន្ទីរពាណិជ្ជកម្មខេត្តបាត់ដំបង បានចូលរួមអបអរសាទរ និងគាំទ្រ យុទ្ធនាការផលិតផលជាតិ MadeInCambodia ជាមួយខេត្តកំពង់ចាម ដែលជាខេត្តគោលដៅ។













សាលារៀនសុវណ្ណភូមិ សាខាខេត្តពោធិ៍សាត់ បានរៀបចំពិធីប្រគល់បណ្ណសរសើរ រង្វាន់ និងអាហារូបករណ៍ ជូនសិស្សឆ្នើមប្រចាំឆ្នាំសិក្សា ២០២៥-២០២៦ ក្រោមអធិបតីភាពលោក ងួន ប៉ោសេង អភិបាលរងខេត្ត។ ក្នុងពិធីនោះ លោកអភិបាលរងបានថ្លែងការកោតសរសើរ លើកទឹកចិត្ត និងក្រើនរំលឹកដល់សិស្សានុសិស្សឱ្យបន្តខិតខំប្រឹងប្រែងរៀនសូត្រ ប្រកាន់ខ្ជាប់វិន័យ សីលធម៌ល្អ ព្រមទាំងថ្លែងអំណរគុណដល់លោកគ្រូ អ្នកគ្រូ និងមាតាបិតាដែលបានរួមចំណែកអភិវឌ្ឍវិស័យអប់រំយ៉ាងសកម្ម។


ពោធិ៍សាត់៖ លោក ឆាយ គឹមម៉ុង អភិបាលស្រុកបាកាន បានអញ្ជើញដឹកនាំមន្ត្រីជំនាញ និងអាជ្ញាធរពាក់ព័ន្ធចុះពិនិត្យផ្ទាល់លើទីតាំងជាក់ស្តែង ដែលត្រូវរៀបចំផែនការសំណើគម្រោងវិនិយោគបន្ស៊ាំនឹងការប្រែប្រួលអាកាសធាតុថ្នាក់ស្រុក នៅក្នុងមូលដ្ឋាន ឃុំស្វាយដូនកែវ ស្រុកបាកាន ខេត្តពោធិ៍សាត់។ ការចុះពិនិត្យទីតាំងនេះ ធ្វើឡើងក្នុងគោលបំណងសិក្សា និងវាយតម្លៃឱ្យបានស៊ីជម្រៅលើតម្រូវការអភិវឌ្ឍន៍មូលដ្ឋាន ព្រមទាំងស្វែងយល់ពីផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ ដូចជាបញ្ហាករណីទឹកជំនន់រាំងស្ងួត ឬការខូចខាតហេដ្ឋារចនាសម្ព័ន្ធសាធារណៈ សំដៅធានាថាគម្រោងវិនិយោគដែលនឹងត្រូវដាក់ស្នើឡើង អាចឆ្លើយតបចំតម្រូវការជាក់ស្តែង និងជួយបង្កើនភាពធន់ដល់ប្រជាពលរដ្ឋក្នុងហានិភ័យអាកាសធាតុ។ ក្នុងឱកាសនោះ លោកអភិបាលស្រុក បានណែនាំដល់ក្រុមការងារបច្ចេកទេស និងអាជ្ញាធរឃុំ ត្រូវសហការគ្នាយ៉ាងជិតស្និទ្ធក្នុងការប្រមូលទិន្នន័យឱ្យបានច្បាស់លាស់ ពិនិត្យមើលផលប្រយោជន៍រួមដែលប្រជាពលរដ្ឋនឹងទទួលបាន ព្រមទាំងធានាគុណភាព និងប្រសិទ្ធភាពខ្ពស់នៅពេលគម្រោងនេះត្រូវដាក់ឱ្យអនុវត្តនាពេលអនាគត៕ សាយយ័ន្ដ វុន្នីយ៉ា


ពោធិ៍សាត់៖ នៅសាលាស្រុកភ្នំក្រវាញ បានរៀបចំកម្មវិធីបើកសំណើដេញថ្លៃ សម្រាប់គម្រោងសាងសង់បង្គោលភ្លើងប្រើពន្លឺព្រះអាទិត្យ (សូឡា) តាមផ្លូវសាធារណៈចំនួន ៥០ដើម កាលពីរសៀលថ្ងៃទី២ ខែតុលា ឆ្នាំ២០២៦ ។ គម្រោងអភិវឌ្ឍន៍នេះ ត្រូវបានដាក់ឱ្យអនុវត្តនៅក្នុង ភូមិស្វាយប៉ាក និង ភូមិសំរោងយា ឃុំព្រងិល ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។ ការរៀបចំដំឡើងប្រព័ន្ធបំភ្លឺសាធារណៈនេះ គឺក្នុងគោលបំណងចូលរួមចំណែកអភិវឌ្ឍមូលដ្ឋាន សម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋនៅពេលយប់ ធានាបាននូវសន្តិសុខ សុវត្ថិភាពសង្គម កាត់បន្ថយហានិភ័យគ្រោះថ្នាក់ចរាចរណ៍ និងលើកកម្ពស់សោភ័ណភាពតាមដងផ្លូវក្នុងតំបន់ជនបទ។ កម្មវិធីបើកសំណើរដេញថ្លៃនេះ បានប្រព្រឹត្តទៅក្រោមការចូលរួមពីសំណាក់ថ្នាក់ដឹកនាំរដ្ឋបាលស្រុក ក្រុមប្រឹក្សាឃុំ ព្រមទាំងតំណាងក្រុមហ៊ុន និងសហគ្រាសម៉ៅការសាងសង់នានា ដែលបានមកដាក់ពាក្យប្រកួតប្រជែងដេញថ្លៃដោយឈរលើស្មារតីប្រកួតប្រជែង តម្លាភាព ភាពយុត្តិធម៌ និងស្របតាមបទដ្ឋានលក្ខខណ្ឌបច្ចេកទេសដែលបានកំណត់៕ សាយយ័ន្ដ វុន្នីយ៉ា


ពោធិ៍សាត់៖ លោក ចាន់ វិចិត្រ អភិបាលស្រុកតាលោសែនជ័យ បានអញ្ជើញដឹកនាំកិច្ចប្រជុំប្រចាំអាណត្តិរបស់ការិយាល័យអប់រំ យុវជន និងកីឡាស្រុក ដោយមានការចូលរួមពីមន្ត្រីពាក់ព័ន្ធ និងលោកនាយក នាយិកាគ្រឹះស្ថានសិក្សាជាច្រើនរូប កាលពីថ្ងៃសុក្រ ទី២ ខែតុលា ឆ្នាំ២០២៦។ កិច្ចប្រជុំនេះធ្វើឡើងក្នុងគោលបំណងពិនិត្យមើលវឌ្ឍនភាពការងារអប់រំកន្លងមក រួមទាំងការដោះស្រាយបញ្ហាប្រឈមនានា សំដៅពង្រឹងគុណភាពនៃការបង្រៀន និងរៀននៅតាមគ្រឹះស្ថានសិក្សាថ្នាក់មូលដ្ឋាន។ ក្នុងឱកាសនោះ លោកអភិបាលស្រុកតាលោសែនជ័យ បានកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់បុគ្គលិកអប់រំគ្រប់លំដាប់ថ្នាក់ និងបានដាក់ចេញនូវទិសដៅការងារសំខាន់ៗ ព្រមទាំងជំរុញឱ្យគ្រប់ភាគីពាក់ព័ន្ធបន្តសហការគ្នាយ៉ាងជិតស្និទ្ធ ដើម្បីលើកកម្ពស់វិស័យអប់រំក្នុងស្រុកតាលោសែនជ័យឱ្យកាន់តែរីកចម្រើនបន្ថែមទៀត៕ សាយយ័ន្ដ វុន្នីយ៉ា
